Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 28 - អាល់គីតាប

1 នៅ​គ្រា​នោះ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​កង​ពល​របស់​ពួក​គេ​មក​ផ្តុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ស្តេច​អគីស​និយាយ​ទៅ​កាន់​ទត​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង​ពល​របស់​យើង»។

2 ទត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច​ស្រាប់​ហើយ ដូច្នេះ ស្តេច​ជ្រាប​ថា ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ស្តេច​អគីស​និយាយ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។


ស្តេច​សូល​ទៅ​រក​គ្រូធ្មប់

3 នៅ​គ្រា​នោះ សាំយូ‌អែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​គាត់​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​គាត់។ នៅ​ជំនាន់​នោះ​ស្តេច​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក​អ៊ីស្រ‌អែល។

4 ថ្ងៃ​មួយ ជន‌ជាតិ​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ស្តេច​សូល​ក៏​ប្រមូល​កង​ពល​អ៊ីស្រ‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។

5 កាល​ស្តេច​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលី‌ស្ទីន គាត់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។

6 ស្តេច​សូល​សួរអុលឡោះ‌តាអាឡា ប៉ុន្តែ ទ្រង់​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្តិ ការ​ផ្សង​យូរីម ឬ​តាម​រយៈ​ណាពី​ក្តី។

7 ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ អ្នក​បម្រើ​ជម្រាប​ស្តេច​វិញ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។

8 ស្តេច​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្តេច​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​និយាយ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។

9 ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ស្តេច​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។

10 ស្តេច​សូល​បាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប​ជានិច្ច​ថា «នាង​មិន​ទទួល​ទោស​អ្វី ក្នុង​រឿង​នោះ​ឡើយ»។

11 ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្តេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​សាំយូ‌អែល​ឲ្យ​ខ្ញុំ!»។

12 ពេល​ស្ត្រី​នោះ​ឃើញ​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​បញ្ឆោត​ខ្ញុំ​ដូច្នេះ អ្នក​ជា​ស្តេច​សូល​ទេ​តើ!»។

13 ស្តេច​មាន​ប្រសាសន៍​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ជម្រាប​ថា៖ «ខ្ញុំ​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។

14 ស្តេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់​ទ្រាយ​ដូច​ម្តេច​ដែរ?»។ នាង​ជម្រាប​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្តប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ស្តេច​សូល​ដឹង​ភ្លាម​ថា ជា​សាំយូ‌អែល គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

15 សាំយូ‌អែល​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​រំខាន​ខ្ញុំ ដោយ​ហៅ​ខ្ញុំ ឡើង​មក​ដូច្នេះ?»។ ស្តេច​សូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​អុលឡោះ​បោះ​បង់​ខ្ញុំ​ចោល ទ្រង់​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ណាពី ឬ​ការ​យល់​សប្តិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

16 សាំយូ‌អែល​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​សួរ​យោបល់​ពី​ខ្ញុំ​ដូច្នេះ? អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ស្តេច​ចោល ហើយ​ទ្រង់​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ស្តេច។

17 អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​ស្តេច ស្រប​តាម​បន្ទូល ដែល​ខ្ញុំ​បាន​ជម្រាប​រួច​ស្រេច​ហើយ។ ទ្រង់​បាន​ដក​ហូត​យក​រាជ្យ​ពី​ស្តេច ដើម្បី​ប្រគល់​ទៅ​ឲ្យ​ទត

18 ដ្បិត​ស្តេច​ពុំ​បាន​គោរព​តាម​បន្ទូល​របស់​ទ្រង់​ទេ គឺ​ស្តេច​ពុំ​បាន​បំផ្លាញ​ជន‌ជាតិ​អាម៉ាឡេក តាម​កំហឹង​របស់អុលឡោះ‌តាអាឡា​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្តេច នៅ​ថ្ងៃ​នេះ។

19 អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ស្តេច ព្រម​ទាំង​អ៊ីស្រ‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន។ ស្អែក​ស្តេច ព្រម​ទាំង​បុត្រា​របស់​ស្តេច​នឹង​ទៅ​ជួប​ខ្ញុំ​នៅ​ក្នុង​ផ្នូរ​ខ្មោច​ហើយអុលឡោះ‌តាអាឡា នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រ‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលី‌ស្ទីន»។

20 រំពេច​នោះ ស្តេច​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​សាំយូ‌អែល ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ ទៀត​ស្តេច​សូល​អស់​កម្លាំង ព្រោះ​គាត់​ពុំ​បាន​ពិសា​អាហារ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

21 ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្តេច​ឃើញ​ថា គាត់​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ស្តេច​ហើយ។ ខ្ញុំ​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ស្តេច។

22 ឥឡូវ​នេះ សូម​ស្តាប់​ខ្ញុំ​សិន សូម​អនុ‌ញ្ញាត​ឲ្យ​ខ្ញុំ​រៀប‌ចំ​អាហារ​ជូន​ស្តេច ដើម្បី​ឲ្យ​ស្តេច​ពិសា ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។

23 ស្តេច​សូល​ប្រកែក​មិន​ព្រម​ពិសា​ទេ តែ​ដោយ​ពួក​អ្នក​បម្រើ និង​ស្ត្រី​នោះ​ទទូច​អង្វរ​ពេក ស្តេច​ក៏​យល់​ព្រម។ ស្តេច​ក្រោក​ពី​ដី ឡើង​ទៅ​នៅ​លើ​គ្រែ។

24 ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។

25 បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ជូន​ស្តេច​សូល និង​អ្នក​បម្រើ។ រួច​ហើយ​ស្តេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​អ្នក​បម្រើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម