១ សាំយូអែល 27 - អាល់គីតាបណាពីទតទៅរស់នៅជាមួយពួកភីលីស្ទីន 1 ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។ 2 ទតនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាអុក និងជាស្តេចក្រុងកាថ។ 3 ទត និងអស់អ្នកដែលនៅជាមួយគាត់ ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយស្តេចអគីស។ ទតបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺ នាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។ 4 មានគេជម្រាបស្តេចសូលថា ទតភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្តេចក៏ឈប់ដេញតាមគាត់ទៀត។ 5 ថ្ងៃមួយ ទតជម្រាបស្តេចអគីសថា៖ «សូមជម្រាបស្តេច! ប្រសិនបើស្តេចពិតជាអនុគ្រោះដល់ខ្ញុំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យខ្ញុំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យខ្ញុំស្នាក់នៅក្នុងរាជធានីជាមួយស្តេចឡើយ»។ 6 នៅថ្ងៃនោះ ស្តេចអគីសប្រទានក្រុងស៊ីគឡាក់ឲ្យទត។ ហេតុនេះហើយបានជាក្រុងនោះនៅជាកម្មសិទ្ធិរបស់ស្តេចយូដា រហូតមកដល់សព្វថ្ងៃ។ 7 ទតស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលមួយឆ្នាំបួនខែ។ 8 ទត និងអស់អ្នកដែលនៅជាមួយគាត់ នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើមជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ 9 ទតវាយកំទេចទឹកដីនោះ ឥតទុកឲ្យមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ គាត់ប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ ជួបស្តេចអគីស។ 10 ពេលស្តេចអគីសសួរទតថា «តើថ្ងៃនេះលោកទៅវាយស្រុកណាខ្លះ?» ទតតែងតែជម្រាបស្តេចថា «ខ្ញុំទៅវាយតំបន់ខាងត្បូងស្រុកយូដា»ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ 11 ទតពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះគាត់ខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកទត បានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលដែលគាត់ស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន ទតតែងតែប្រើវិធីនេះជារៀងរហូត។ 12 ហេតុនេះហើយបានជាស្តេចអគីសជឿទុកចិត្តលើទត ព្រោះស្តេចគិតថា៖ «ទតប្រព្រឹត្តអំពើដែលធ្វើឲ្យអ៊ីស្រអែល ជាជនជាតិរបស់ខ្លួនស្អប់យ៉ាងខ្លាំង។ ដូច្នេះ ទតនឹងបម្រើយើងរហូតតទៅ»។ |
© 2014 United Bible Societies, UK.
United Bible Societies