Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 20 - អាល់គីតាប


សម្តេច​យ៉ូណា‌ថាន​ការ‌ពារ​ណាពី​ទត

1 ទត​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្តេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ឪពុក​របស់​បង បាន​ជា​ស្តេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

2 សម្តេច​យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! ឪពុក​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្តី។ បើ​ឪពុក​ចង់​សម្លាប់​ប្អូន គាត់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន​គាត់​មិន​លាក់​ទេ»។

3 ទត​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​គាត់​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្តី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាមប៉ុណ្ណោះ»។

4 សម្តេច​យ៉ូណា‌ថាន​ពោល​ទៅ​កាន់​ទត​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។

5 ទត​តប​ទៅ​សម្តេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា​ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។

6 ឪពុក​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ជម្រាប​ស្តេច​ថា “ទត​ទទូច​សូម​អនុញ្ញាត​ពី​ខ្ញុំ ធ្វើ​ដំណើរ​ទៅ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ធ្វើ​គូរបាន​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។

7 ប្រសិន​បើ​ស្តេច​មាន​ប្រសាសន៍​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្តេច​ខឹង នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្តេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។

8 ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ជូន​ឪពុក​របស់​បង​អី»។

9 សម្តេច​យ៉ូណា‌ថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា ឪពុក​របស់​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។

10 ទត​សួរ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខឹង​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។

11 សម្តេច​យ៉ូណា‌ថាន​ពោល​មក​កាន់​ទត​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។

12 សម្តេច​យ៉ូណា‌ថាន​ពោល​មក​កាន់​ទត​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ចិត្ត​ឪពុក​របស់​ខ្ញុំ។ ប្រសិន​បើ​គាត់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ

13 សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​ឪពុក​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ប្អូន ដូច​ទ្រង់​នៅ​ជា​មួយ​ឪពុក​ខ្ញុំ​កាល​ពី​មុន​ដែរ។

14 ពេល​ក្រោយ​ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ​មក​ពីអុលឡោះ‌តាអាឡា ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។

15 ទោះ​បីអុលឡោះ‌តាអាឡា​ផ្តាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្តង​មួយៗ​អស់​ពី​ផែនដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​នេះ ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។

16 ដូច្នេះ សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត និង​កូន​ចៅ​របស់​គាត់ ដោយ​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​ទត!»។

17 សម្តេច​យ៉ូណា‌ថាន​បាន​សុំ​ឲ្យ​ទត​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្តី​ស្រឡាញ់​ដែល​សម្តេច​មាន​ចំពោះ​គាត់ ដ្បិត​សម្តេច​យ៉ូណា‌ថាន​ស្រឡាញ់​ទត ដូច​ស្រឡាញ់​ខ្លួន​ឯង។

18 សម្តេច​យ៉ូណា‌ថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក​នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅ​អី​របស់​ប្អូន​នៅ​ទំនេរ។

19 ខាន​ស្អែក ប្អូន​ត្រូវ​ចុះ​ទៅ​កន្លែង​ដែល​ប្អូន​បាន​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​មុន​នោះ គឺ​ប្អូន​ត្រូវ​ទៅ​ពួន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អេ‌សែល។

20 ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​មួយ។

21 បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្តី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា គ្មាន​បញ្ហា​អ្វី​ទេ!

22 ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

23 អុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។

24 ទត​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។ លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ស្តេច​សូល​បាន​បរិភោគ​ក្នុង​ពិធី​ជប់​លៀង។

25 ស្តេច​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្តេច​យ៉ូណា‌ថាន​នៅ​ទល់​មុខ លោក​អប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​ស្តេច តែ​កន្លែង​របស់​ទត​នៅ​ទំនេរ។

26 នៅ​ថ្ងៃ​នោះ​ស្តេច​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្តេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​ទត ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​នឹក​ស្មាន​ថា​គាត់​ពិត​ជា​មិន​បរិសុទ្ធ​មែន។

27 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​ទត​នៅ​ទំនេរ​ដដែល។ ស្តេច​សូល​សួរ​សម្តេច​យ៉ូណា‌ថាន​ជា​កូន​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់​លៀង ទាំង​ម្សិល​មិញ​ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។

28 សម្តេច​យ៉ូណា‌ថាន​ជម្រាប​ថា៖ «ទត​បាន​សូម​អនុញ្ញាត​ពី​ខ្ញុំ​ទៅ​ឯ​បេថ្លេ‌ហិម

29 ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ធ្វើ​គូរបាន​នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្តេច​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប​ជុំ​បង‌ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​ឪពុក»។

30 ស្តេច​សូល​ខឹង​នឹង​សម្តេច​យ៉ូណា‌ថាន​យ៉ាង​ខ្លាំង ស្តេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្តាយ​មិន​ខាន!

31 តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​បាន​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។

32 សម្តេច​យ៉ូណា‌ថាន​ជម្រាប​ស្តេច​សូល​ជា​ឪពុក​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។

33 ស្តេច​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្តេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្តេច​យ៉ូណា‌ថាន​ជ្រាប​ថា ឪពុក​ពិត​ជា​បាន​សម្រេច​ចិត្ត​សម្លាប់​ទត។

34 សម្តេច​ក្រោក​ចេញ​ពី​តុ ដោយ​ខឹង​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​ពិសា​អាហារ​នៅ​ថ្ងៃ​ទី​ពីរ នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្តេច​ព្រួយ​បារម្ភ​អំពី​ទត​ដែល​ឪពុក​បាន​ជេរ​ប្រមាថ។

35 ព្រឹក​ឡើង​សម្តេច​យ៉ូណា‌ថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​គាត់​បាន​ណាត់​ជា​មួយ​ទត។ សម្តេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។

36 សម្តេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្តេច​យ៉ូណា‌ថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។

37 ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្តេច​យ៉ូណា‌ថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ!

38 ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។

39 វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្តេច​យ៉ូណា‌ថាន និង​ទត​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។

40 សម្តេច​យ៉ូណា‌ថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទី‌ក្រុង​វិញ។

41 ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ ទត​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​អោន​មុខ​ដល់​ដី គោរព​សម្តេច​យ៉ូណា‌ថាន​បី​ដង។ អ្នក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​ទត។

42 បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​និយាយ​ទៅ​កាន់​ទត​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា “សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ ទត​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្តេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម