Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 10 - អាល់គីតាប

1 សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។

2 នៅ​ថ្ងៃ​នេះ ពេល​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ អ្នក​នឹង​ជួប​បុរស​ពីរ​នាក់ ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំ​ប្រទល់​ទឹក​ដី​ពុន‌យ៉ាមីន គឺ​នៅ​ភូមិ​សេល‌សា។ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​ថា “លា​ញី​ដែល​អ្នក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​អ្នក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​អ្នក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច?”។

3 ពេល​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច អ្នក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ អ្នក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី​សក្ការៈ​របស់​អុលឡោះ​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។

4 ពួក​គេ​នឹង​នាំ​គ្នា​មក​ជម្រាប​សួរ​អ្នក ហើយ​ជូន​នំបុ័ង​ពីរ​ដុំ​មក​អ្នក។ អ្នក​នឹង​ទទួល​យក​នំបុ័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។

5 បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។

6 រស​របស់អុលឡោះ‌តាអាឡា​នឹង​មក​សណ្ឋិត​លើ​អ្នក អ្នក​ក៏​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​អ្នក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ខុស​ពី​មុន។

7 កាល​ណា​អ្នក​ឃើញ​ទី​សំគាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ្នក​ហើយ។

8 បន្ទាប់​មក អ្នក​ត្រូវ​ចុះ​ទៅ​គីល‌កាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​អ្នក​នៅ​ទី​នោះ​ដែរ ដើម្បី​ធ្វើ​គូរបាន​ដុត និង​ធ្វើ​គូរបាន​មេត្រី‌ភាព។ អ្នក​ត្រូវ​រង់​ចាំ​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។

9 ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ អុលឡោះ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គាត់ ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។

10 កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ណាពី​មួយ​ក្រុម​មក​ជួប​គាត់។ ពេល​នោះ​រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ថ្លែង​បន្ទូល​របស់​អុលឡោះ​ក្នុង​ចំណោម​ពួក​ណាពី។

11 អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សូល ឃើញ​គាត់​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​ពួក​ណាពី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សូល​ចូល​ក្រុម​ណាពី​ដែរ​តើ!»។

12 មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​នរណា​ជា​ឪពុក​របស់​ពួក​នេះ?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ណាពី​ដែរ​តើ!»។

13 កាល​លោក​សូល​ឈប់​ថ្លែង​បន្ទូល​របស់​អុលឡោះ គាត់​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។

14 ឪពុក​មា​របស់​លោក​សូល​សួរ​គាត់ និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​សាំយូ‌អែល»។

15 ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

16 លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «គាត់​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​ការ​គ្រង‌រាជ្យ ដែល​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។


ប្រជា‌ជន​អ៊ីស្រ‌អែល​តែង‌តាំង​លោក​សូល​ជា​ស្តេច

17 សាំយូ‌អែល​បាន​កោះ​ហៅ​ប្រជា‌ជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស​ប៉ា។

18 គាត់​និយាយ​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា “អ៊ីស្រ‌អែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ពី​កណ្តាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា”។

19 ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូរអា​ថា “សូម​តែង‌តាំង​ស្តេច​ម្នាក់​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡា​តាម​កុល‌សម្ព័ន្ធ តាម​អំបូរ ឥឡូវ​នេះ​ចុះ»។

20 សាំយូ‌អែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។

21 បន្ទាប់​មក គាត់​ឲ្យ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។

22 គេ​ក៏​ចូល​ទៅ​សួរអុលឡោះ‌តាអាឡា​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នុះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។

23 គេ​រត់​ទៅ​រក​សូល នាំ​គាត់​ចេញ​ពី​ទី​នោះ​មក គាត់​ក៏​ឈរ​នៅ​កណ្តាល​ចំណោម​ប្រជា‌ជន។ គាត់​មាន​កំពស់​ខ្ពស់​ជាង​គេ គឺ​ប្រជា‌ជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ប៉ុណ្ណោះ។

24 សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​គាត់​ទេ»។ ប្រជា‌ជន​ទាំង​អស់ ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ស្តេច!»។

25 សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្តេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក នៅ​ចំពោះអុលឡោះ‌តាអាឡា។ បន្ទាប់​មក សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

26 ស្តេច​សូល​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់​អាច​មួយ​ក្រុម ដែល​អុលឡោះ​បាន​បណ្តាល​ចិត្ត ហែរ​ហម​ទៅ​ជា​មួយ​ផង។

27 ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល​ងាយ​ស្តេច​សូល ហើយ​មិន​បាន​នាំ​យក​អ្វី​មក​ឲ្យ​ស្តេច​ទេ តែ​ស្តេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម