១ របាក្សត្រ 26 - អាល់គីតាបក្រុមឆ្មាំទ្វារ 1 ពួកឆ្មាំទ្វារ ចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។ 2 កូនរបស់លោកមសេលេមា គឺលោកសាការីយ៉ាជាកូនច្បង លោកយេឌីអែលជាកូនបន្ទាប់ លោកសេបាឌាជាកូនទីបី លោកយ៉ាតនាលជាកូនទីបួន 3 លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។ 4 កូនរបស់លោកអូបេឌ-អេដុម មានលោកសេម៉ាយ៉ាជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ 5 លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតអុលឡោះប្រទានពរដល់គាត់។ 6 លោកសេម៉ាយ៉ាជាកូនរបស់លោកអូបេដ-អេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសារបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។ 7 កូនរបស់លោកសេម៉ាយ៉ាមាន លោកអូតនី លោករេផែល លោកអូបេដ លោកអែល សាបាដ ព្រមទាំងបងប្អូនរបស់គាត់ គឺ លោកអេលីហ៊ូវ និងលោកសេម៉ាគា ដែលជាមនុស្សដ៏អង់អាច។ 8 អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដ-អេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដ-អេដុម មានចំនួនទាំងអស់ ៦២នាក់។ 9 លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ 10 រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរី ជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ ឲ្យធ្វើជាមេក្រុមគ្រួសារ 11 លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីយ៉ាជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣ នាក់។ 12 ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗ ជាបងប្អូនរបស់គេ មានមុខងារយាមដំណាក់របស់អុលឡោះតាអាឡា។ 13 ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេងទាំងចាស់។ 14 ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មកគេចាប់ឆ្នោតត្រូវលើលោកសាការីយ៉ា ជាកូនរបស់គាត់ដែលជាទីប្រឹក្សាមួយនាក់ដ៏ចំណាន។ លោកសាការីយ៉ាត្រូវយាមទ្វារប៉ែកខាងជើង។ 15 លោកអូបេដ-អេដុម ត្រូវយាមទ្វារប៉ែកខាងត្បូង ហើយកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ 16 រីឯលោកស៊ូភីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេគែត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ: 17 នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើងមានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូងមានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។ 18 រីឯប៉ែកខាងបន្ទប់អមដែលស្ថិតនៅទិសខាងលិច មានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់ទៀតយាម នៅមាត់ទ្វារបន្ទប់អមនោះ។ 19 អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។ មុខងាររបស់ពួកលេវីមួយចំនួនទៀត 20 ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះនិងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកជូនទ្រង់។ 21 ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាម ដូចតទៅ: លោកយីអែលី 22 ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែលជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះតាអាឡា។ 23 រីឯក្នុងចំណោមកូនចៅលោកអាំរ៉ាម កូនចៅលោកយីតសារ កូនចៅលោកហេប្រូន និងកូនចៅលោកអ៊ូស៊ាល 24 មានលោកសេបួលជាពូជពង្សរបស់លោកគើរសុន កូនរបស់ណាពីម៉ូសាជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។ 25 រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលាស៊ើរ មានលោករេហាបយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីកគ្រី ជាឪពុករបស់លោកសឡូមីត។ 26 លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្តេចទត ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកជូនអុលឡោះ។ 27 វត្ថុទាំងនោះសុទ្ធសឹងជាជយភ័ណ្ឌ ហើយគេញែកជូនអុលឡោះតាអាឡា សម្រាប់ជួសជុលដំណាក់របស់ទ្រង់។ 28 វត្ថុទាំងប៉ុន្មានដែលណាពីសាំយូអែល ជាអ្នកទាយរបស់ស្តេចសូលជាកូនរបស់លោកគីស លោកអប៊ីនើរជាកូនរបស់លោកនើរ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានជូនអុលឡោះតាអាឡា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ 29 ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ 30 ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាបយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន១ ៧០០ នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានជូនអុលឡោះតាអាឡា និងជូនស្តេច។ 31 នៅឆ្នាំទីសែសិប នៃរជ្ជកាលស្តេចទត គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូនមានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ា ជាមេដឹកនាំរបស់អំបូរហេប្រូន។ 32 ស្តេចទតបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០ នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់អុលឡោះតាអាឡា និងកិច្ចការរបស់ស្តេច។ |
© 2014 United Bible Societies, UK.
United Bible Societies