១ របាក្សត្រ 10 - អាល់គីតាបរាជ្យរបស់ណាពីទត ស្តេចសូលស្លាប់ 1 កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រអែល ធ្វើឲ្យពលទាហានអ៊ីស្រអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ 2 ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។ 3 បន្ទាប់មក គេសំរុកទៅលើស្តេចសូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ស្តេចសូល ធ្វើឲ្យតក់ស្លុតយ៉ាងខ្លាំង។ 4 ស្តេចបានបញ្ជាទៅសេនា ដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្តេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្តេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះស្តេចសូលក៏ហូតដាវ ហើយផ្តួលខ្លួនលើមុខដាវនោះទៅ។ 5 កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្តេចឃើញស្តេចស្លាប់ដូច្នេះ គាត់ក៏ហូតដាវរួចផ្តួលខ្លួនលើមុខដាវដែរ។ 6 ដូច្នេះស្តេចសូល និងបុត្រាទាំងបី ព្រមទាំងញាតិវង្សទាំងអស់បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ 7 កាលជនជាតិអ៊ីស្រអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំឃើញថា អ៊ីស្រអែលបាក់ទ័ព ហើយស្តេចសូលព្រមទាំងបុត្រា ស្លាប់អស់នោះ ពួកគេក៏បោះបង់ទីក្រុងចោលរត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ 8 ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ស្តេចសូល និងបុត្រាទាំងបី នៅលើភ្នំគីលបោ។ 9 ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្តេច ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។ 10 បន្ទាប់មកពួកគេយកគ្រឿងសស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកក្បាលរបស់ស្តេច ទៅព្យួរនៅក្នុងវិហារព្រះដាកុន។ 11 កាលអ្នកក្រុងយ៉ាបេសក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ស្តេចសូល 12 ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ស្តេចសូល និងបុត្រានាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។ 13 ស្តេចសូលស្លាប់ ព្រោះតែស្តេចបានប្រព្រឹត្តខុសដោយក្បត់នឹងអុលឡោះតាអាឡា គឺស្តេចពុំកាន់តាមបន្ទូលរបស់អុលឡោះតាអាឡាឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ 14 ស្តេចពុំបានទូរអាសួរអុលឡោះតាអាឡាទេ ហេតុនេះទ្រង់ធ្វើឲ្យស្តេចស្លាប់ ហើយផ្ទេររាជសម្បត្តិទៅឲ្យស្តេចទត ជាកូនរបស់លោកអ៊ីសាយវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies