Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 1 - អាល់គីតាប


ដំណាក់​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ណាពី​ទត សម្តេច​អដូ‌នី‌យ៉ា​ចង់​ឡើង​គ្រង​រាជ្យ

1 ស្តេច​ទត​មាន​អាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​អាវ​ឲ្យ​គាត់​ច្រើន​ជាន់​យ៉ាង​ណា​ក្តី ក៏​គាត់​ពុំ​អាច​កក់​ក្តៅ​ដែរ។

2 ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ជម្រាប​គាត់​ថា៖ «សូម​ជម្រាប​ស្តេច! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​ម្នាក់​មក​ជូន​ស្តេច។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ស្តេច ហើយ​នាង​ដេក​នៅ​ក្បែរ​ស្តេច ដើម្បី​ឲ្យ​ស្តេច​បាន​កក់‌ក្តៅ»។

3 ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​នាង​អប៊ីសាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ជូន​ទត។

4 ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​ជួប​បម្រើ​ស្តេច​ទត តែ​គាត់​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។

5 នៅ​គ្រា​នោះ សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់ សម្រាប់​រត់​ពី​មុខ។

6 តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្តី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្តេច​អដូ‌នី‌យ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​កូន​ម្នាក់ ដែល​ប្រសូត​បន្ទាប់​ពី​សម្តេច​អាប់‌សា‌ឡុម។

7 សម្តេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​មួយ​អ៊ីមុាំ​អបៀ‌ថើរ។ គេ​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា។

8 ផ្ទុយ​ទៅ​វិញ អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ណាពី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ទត មិន​បាន​ចូល​រួម​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទេ។


ណាពី​ណាថាន និង​នាង​បាត‌សេបា​គាំទ្រ​ណាពី​ស៊ូឡៃ‌ម៉ាន

9 ថ្ងៃ​មួយ សម្តេច​អដូ‌នី‌យ៉ា​បាន​រៀប‌ចំ​ពិធី​បុណ្យ​មួយ​នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូ‌កែល​ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន​ធ្វើ​គូរបាន​នៅ​ទី​នោះ។ សម្តេច​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ទត មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។

10 ប៉ុន្តែ សម្តេច​មិន​អញ្ជើញ​ណាពី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​អញ្ជើញ​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ប្អូន​មក​ចូល​រួម​ទេ។

11 ពេល​នោះ​ណាពី​ណាថាន ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​ម្តាយ​របស់​សម្តេច​ស៊ូឡៃ‌ម៉ានថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្តេច​អដូ‌នី‌យ៉ា​ជា​កូន​របស់​នាង​ហាគីត​បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ប៉ុន្តែ ស្តេច​ទត​ជា​អម្ចាស់​មិន​បាន​ជ្រាប​ទេ។

12 ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​នាង។

13 សូម​អញ្ជើញ​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ដូច​ត​ទៅ: “សូម​ជម្រាប​ស្តេច ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ​ថា ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។

14 ណាពី​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ជម្រាប​ទត​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​ជួប​គាត់​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ជម្រាប​នោះ»។

15 នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ទត នៅ​ក្នុង​បន្ទប់​គេង។ ពេល​នោះ​គាត់​មាន​អាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ីសាក​ជា​អ្នក​ភូមិ​ស៊ូ‌ណែម​កំពុង​តែ​នៅ​បម្រើ​ទត។

16 នាង​បាត‌សេ‌បា​លុត​ជង្គង់​គោរព​ទត ហើយ​ទត​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។

17 នាង​ឆ្លើយ​ថា៖ «ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ថា ស៊ូ‌ឡៃម៉ាន​ជា​កូន​របស់​ខ្ញុំ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។

18 ប៉ុន្តែ ឥឡូវ​នេះ ម្តេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ស្តេច​ពុំ​ជ្រាប​ទេ​ឬ?

19 អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន​ធ្វើ​គូរបាន។ អដូ‌នី‌យ៉ា​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​អ៊ីមុាំ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​អញ្ជើញ​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ឲ្យ​ទៅ​ចូល​រួម​ទេ។

20 សូម​ជម្រាប​ស្តេច! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​រង់‌ចាំ​តែ​ស្តេច​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ស្តេច។

21 បើ​មិន​ដូច្នោះ​ទេ កាល​ណា​ស្តេច​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ និង​ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​ខ្ញុំ​ថា​ជា​អ្នក​ទោស​មិន​ខាន»។

22 កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ជម្រាប​ស្តេច នោះ​ណាពី​ណាថាន ចូល​មក​ដល់។

23 គេ​ទៅ​ជម្រាប​ទត​ថា ណាពី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ ណាពី​ណាថាន​ចូល​ជួប​គាត់​ដោយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។

24 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ហើយ​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច?

25 ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​គូរបាន។ សម្តេច​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​អ៊ីមុាំ​អបៀ‌ថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា “ជយោ​ស្តេច​អដូ‌នី‌យ៉ា!”។

26 ប៉ុន្តែ សម្តេច​មិន​បាន​អញ្ជើញ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ស្តេច ឬ​អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​អញ្ជើញ​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ទៅ​ចូល​រួម​ដែរ។

27 តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​តែង‌តាំង​កូន​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ដោយ​មិន​ឲ្យ​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​អ្នក​បម្រើ​ដឹង?»។


ណាពី​ទត​តែង‌តាំង​ណាពី​ស៊ូ‌ឡៃម៉ាន​ឲ្យ​ឡើង​គ្រង​រាជ្យ

28 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «សូម​អញ្ជើញ​នាង​បាត‌សេ‌បា​មក!»។ នាង​បាត‌សេ‌បា​ចូល​មក​ជួប​គាត់។

29 ពេល​នោះ ស្តេច​ប្រាប់​ថា៖ «យើង​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង!

30 ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​នាង​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល»។

31 នាង​បាត‌សេ‌បា​ក្រាប​គោរព​ស្តេច​ទត អោន​មុខ​ដល់​ដី​ទាំង​ជម្រាប​ថា៖ «សូម​ស្តេច​ទត ជា​អម្ចាស់ ប្រកប​ដោយ​អាយុ​យឺន‌យូរ!»។

32 បន្ទាប់​មក ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «សូម​អញ្ជើញ​អ៊ីមុាំ​សាដុក​ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ជួប​គាត់។

33 ទត​បញ្ជា​ថា៖ «សូម​ប្រមូល​អ្នក​បម្រើ​របស់​យើង​មក ហើយ​លើក​ស៊ូ‌ឡៃម៉ាន ជា​កូន​យើង​ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។

34 នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”

35 ចូរ​ដង្ហែ​ស៊ូ‌ឡៃម៉ាន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​នៅ​លើ​បល្ល័ង្ក​របស់​យើង។ ស៊ូ‌ឡៃម៉ាន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​កូន​នេះ ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា»។

36 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ជម្រាប​ស្តេច​ថា៖ «អាមីន! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ទុក​ដូច្នេះ​មែន។

37 សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ទ្រង់​បាន​នៅ​ជា​មួយ​ស្តេច​ដែរ! សូម​ទ្រង់​ប្រទាន​ឲ្យ​រាជ្យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​រុង‌រឿង លើស​រាជ្យ​របស់​ស្តេច​ទត​ជា​អម្ចាស់​ទៅ​ទៀត!»។

38 អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។

39 អ៊ីមុាំ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ជំរំ​សក្ការៈ​មក រួច​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ស្តេច​ស៊ូឡៃ‌ម៉ាន!»។

40 ប្រជា‌ជន​ទាំង​មូល​ដង្ហែ​ស្តេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។


ណាពី​ស៊ូឡៃ‌ម៉ាន​លើក‌លែង​ទោស​សម្តេច​អដូ‌នី‌យ៉ា

41 ពេល​សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។

42 លោក​យ៉ូអាប់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​មក​ដល់។ សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។

43 លោក​យ៉ូណា‌ថាន​ជម្រាប​សម្តេច​អដូ‌នី‌យ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ! ស្តេច​ទត​បាន​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ហើយ។

44 ទត​ចាត់​អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្តេច​ស៊ូ‌ឡៃម៉ាន ឡើង​នៅ​លើ​ខ្នង​លា​របស់​គាត់ ហើយ​ដង្ហែ​ចេញ​ទៅ។

45 អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន បាន​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជា‌ជន​នៅ​ក្នុង​ទី‌ក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង​ដូច​អស់​អ្នក​បាន​ឮ​ស្រាប់។

46 លើស​ពី​នេះ សម្តេច​ស៊ូ‌ឡៃម៉ាន​ឡើង​នៅ​លើ​រាជ​បល្ល័ង្ក

47 ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ជូន​ពរ​ស្តេច​ទត ដោយ​ជម្រាប​ថា“សូម​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ប្រទាន​ឲ្យ​សម្តេច​ស៊ូ‌ឡៃម៉ាន មាន​ឈ្មោះ​ល្បី‌ល្បាញ ជាង​ឈ្មោះ​របស់​ស្តេច​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​សម្តេច​ស៊ូ‌ឡៃម៉ាន​បាន​រុង​រឿង ជាង​រាជ្យ​របស់​ស្តេច!”។ ពេល​នោះ​ស្តេច​ក៏​ក្រាប​គោរព​នៅ​ក្នុង​បន្ទប់​គេង

48 ហើយ​មាន​ប្រសាសន៍​ថា: “សូម​អរ​គុណអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ ផ្ទាល់​នឹង​ភ្នែក”»។

49 ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្តេច​អដូ‌នី‌យ៉ា នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក​ខ្ញែក​គ្នា​អស់​ទៅ។

50 សម្តេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ស្តេច​ស៊ូ‌ឡៃម៉ាន​យ៉ាង​ខ្លាំង គាត់​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។

51 មាន​គេ​មក​ជម្រាប​ស្តេច​ស៊ូ‌ឡៃម៉ាន​ថា៖ «សម្តេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ណាស់ សម្តេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ​ទាំង​ពោល​ថា: សូម​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ស្តេច​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។

52 ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រាប់​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់​នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។

53 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​គេ ឲ្យ​ទៅ​អញ្ចើញ​សម្តេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្តេច​ក៏​ចូល​ទៅ​ក្រាប​គោរព​ស្តេច​ស៊ូ‌ឡៃម៉ាន ហើយ​ស្តេច​ស៊ូ‌ឡៃម៉ាន​មាន​ប្រសាសន៍​ថា៖ «សូម​បង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម