អេសេគាល 47 - អាល់គីតាបទឹកស្ទឹងហូរចេញពីម៉ាស្ជិទ 1 បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារម៉ាស្ជិទវិញ។ នៅទីនោះខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះម៉ាស្ជិទបែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំម៉ាស្ជិទកាត់តាមខាងត្បូងអាសនៈ។ 2 បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងម៉ាស្ជិទ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះទឹកក៏ហូរចេញពីខាងស្ដាំមកដែរ។ 3 កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់គាត់វាស់មួយពាន់ហត្ថ រួចឲ្យខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។ 4 គាត់វាស់មួយពាន់ហត្ថទៀត ហើយឲ្យខ្ញុំដើរលុយទឹកទឹកឡើងដល់ត្រឹមក្បាលជង្គង់។ គាត់វាស់មួយពាន់ហត្ថសាជាថ្មីទៀត រួចឲ្យខ្ញុំលុយទឹក លើកនេះទឹកឡើងដល់ត្រឹមចង្កេះ។ 5 គាត់វាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើតត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេកហើយជ្រៅផង។ 6 គាត់ប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» គាត់ក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។ 7 កាលខ្ញុំមកដល់មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។ 8 គាត់ប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រធ្វើឲ្យទឹកសមុទ្រប្រែជាទឹកសាប។ 9 ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើឲ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ 10 ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ 11 រីឯទឹកនៅតាមព្រៃល្បប់ និងព្រៃរនាមជាប់នឹងសមុទ្រនោះ នៅតែប្រៃដដែល ព្រោះជាកន្លែងបម្រុងទុកសម្រាប់ធ្វើអំបិល។ 12 នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។ ការបែងចែកទឹកដីស្រុកអ៊ីស្រអែល 13 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលដូចតទៅ: កូនចៅយូសុះទទួលពីរចំណែក។ 14 ក្រៅពីនោះអ្នករាល់គ្នាត្រូវបែងចែកឲ្យស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ 15 ព្រំស្រុករបស់អ្នករាល់គ្នាមានដូចតទៅ: ខាងជើងត្រូវគិតពីសមុទ្រមេឌីទែរ៉ាណេ ផ្លូវទៅហេតឡូនរហូតដល់ច្រកចូលសេដាត 16 ហាម៉ាត់ បេរ៉ូថា ស៊ីបរ៉ែមដែលនៅចន្លោះព្រំដែនដាម៉ាស់ និងព្រំដែនហាម៉ាត់ ហាសា-ហាទីកុន នៅព្រំដែនហារ៉ុន។ 17 ដូច្នេះ ព្រំដែនខាងជើងត្រូវលាតសន្ធឹងចាប់ពីសមុទ្រ កាត់តាមហាសា-អេណាន ព្រំប្រទល់ដាម៉ាស សាផូនខាងជើង និងព្រំប្រទល់ស្រុកហាម៉ាត់។ 18 ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស់ និងកាឡាដព្រមទាំងស្រុកអ៊ីស្រអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។ 19 ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ 20 ព្រំដែនខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ ដោយគិតចាប់តាំងពីព្រំប្រទល់ខាងត្បូង រហូតទៅដល់ច្រកចូលហាម៉ាត់។ 21 ត្រូវចែកទឹកដីគ្នាតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល។ 22 ត្រូវបែងចែកដីនេះជាចំណែកមត៌កដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែលដែរ។ 23 ដូច្នេះ ជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីឲ្យគេក្នុងកុលសម្ព័ន្ធនោះទុកជាចំណែកមត៌កផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
© 2014 United Bible Societies, UK.
United Bible Societies