អេសេគាល 31 - អាល់គីតាបប្រស្នាអំពីដើមតាត្រៅដែលគេកាប់ 1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរប្រាប់ហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា: តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី? 3 អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់ ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។ ដើមតាត្រៅនោះលូតឡើង ចុងវាខ្ពស់កប់ពពក។ 4 ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។ 5 ដើមតាត្រៅនោះលូតឡើងខ្ពស់ លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ បែកមែកសាខា ហើយលាតសន្ធឹង ព្រោះឫសវាសម្បូណ៌ទឹក។ 6 បក្សាបក្សីនាំគ្នាមកធ្វើសំបុក នៅតាមមែករបស់វា រីឯសត្វព្រៃទាំងប៉ុន្មាន ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម ម្លប់របស់វាដែរ។ 7 ដើមតាត្រៅនោះល្អណាស់ ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។ 8 ដើមតាត្រៅនៅក្នុងឧទ្យានរបស់អុលឡោះ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាបានដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់អុលឡោះ ល្អដូចដើមតាត្រៅនេះឡើយ។ 9 យើងបានតុបតែងវាឲ្យមានមែកជាច្រើន ដើមឈើទាំងប៉ុន្មាននៅអេដែន ដែលជាឧទ្យានរបស់អុលឡោះ នាំគ្នាច្រណែននឹងវា។ 10 យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកំពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ 11 ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ 12 ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ 13 សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ 14 ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ 15 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅនរ៉កា យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ 16 យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅនរ៉កាជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។ 17 ដើមឈើទាំងនោះក៏ចុះទៅនរ៉កាជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ 18 ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី អ្នកក៏នឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចហ្វៀរ៉អ៊ូន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
© 2014 United Bible Societies, UK.
United Bible Societies