អេសាយ 18 - អាល់គីតាបបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអេត្យូពី 1 រីឯទឹកដីដែលមានទូកក្ដោង ធ្វើដំណើរនៅតាមដងទន្លេ ខាងនាយស្រុកអេត្យូពី នឹងត្រូវវេទនាជាពុំខាន។ 2 ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ 3 អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ 4 ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីសូរ៉កាមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។ 5 មុនពេលរដូវចម្រូត នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំ គេយកកាំបិតមកកាប់មែក និងលួសធាងវាចោលយ៉ាងណា 6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី ហើយទុកសាកសពចោលយ៉ាងនោះដែរ គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ និងជាចំណីរបស់សត្វសាហាវ។ ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅ ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ នៅរដូវត្រជាក់»។ 7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំជំនូន មកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំជំនូនមកជូននៅភ្នំស៊ីយ៉ូន ជាកន្លែងដែលនាមរបស់អុលឡោះតាអាឡាស្ថិតនៅ។ |
© 2014 United Bible Societies, UK.
United Bible Societies