Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 10 - អាល់គីតាប


ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រ‌អែល

1 ពី​ដើម ប្រជា‌ជន​អ៊ីស្រ‌អែល ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ ប៉ុន្តែ ផ្លែ​ចំរើន​ឡើង​យ៉ាង​ណា ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា គេ​ក៏​តុប‌តែង​ស្ដូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។

2 ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ ពួក​គេ​ត្រូវ​តែ​ទទួល​ទោស គឺអុលឡោះ‌តាអាឡា​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​កំទេច​ស្ដូប​របស់​ពួក​គេ​ទៀត​ផង។

3 ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា: «យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បាន គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា។ (ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេច តើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។

4 ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ និយាយ​ស្បថ​បំពាន ហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។ ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹង ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។

5 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-‌អាវេន ប្រជា‌ជន និង​ពួក​អ៊ីមុាំ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។

6 គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ជូន​ស្តេច​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រ‌អែល​នឹង​ត្រូវ​បាក់​មុខ​ព្រោះ​តែ​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន។

7 អ្នក​ក្រុង​សាម៉ារី និង​ស្ដេច​របស់​គេ​ប្រៀប​បី​ដូច កំទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក។

8 ចំណែក​ឯ​ទី‌សក្ការៈ​ទាំង‌ឡាយ​នៅ​អាវេន ជា​កន្លែង​ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។ រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។ ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា: ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង! ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។

9 ចាប់​តាំង​ពី​គ្រា​នៅ​គីបៀរ អ៊ីស្រ‌អែល​ចេះ​តែ ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។ ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបៀរ សម្រាប់​ដាក់​ទោស​ជន​ពាល!

10 យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​បំណង​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

11 អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញី ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ ពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះ យើង​ទឹម​អេប្រាអ៊ីម យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកកូប​កំពុង​រាស់។

12 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌! ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី! ដល់​ពេល​ត្រូវ​ស្វែង​រកអុលឡោះ‌តាអាឡា​ហើយ គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ទ្រង់​មក ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។

13 អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។ អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង និង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។

14 ហេតុ​នេះ សំរែក​បរា‌ជ័យ​លេច​ឮ ក្នុង​កង‌ទ័ព​របស់​អ្នក ទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ាន បាន​បំផ្លាញ​ក្រុង​បេត-‌អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម គេ​បាន​កិន​កំទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

15 នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។ នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រ‌អែល​នឹង​ត្រូវ វិនាស​សូន្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម