សុភាសិត 3 - អាល់គីតាបប្រាជ្ញានាំឲ្យកោតខ្លាចអុលឡោះ 1 កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។ 2 ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ 3 ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ 4 ពេលនោះ កូននឹងបានគាប់ចិត្តអុលឡោះគាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ 5 កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើអុលឡោះតាអាឡាទាំងស្រុង។ 6 ចូរនឹកដល់អុលឡោះតាអាឡាក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះទ្រង់នឹងត្រួសត្រាយផ្លូវរបស់កូន។ 7 កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ហើយងាកចេញពីអំពើអាក្រក់។ 8 ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។ 9 ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកជូនអុលឡោះតាអាឡា ដើម្បីសំដែងការគោរពចំពោះទ្រង់។ 10 ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។ 11 កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់អុលឡោះតាអាឡាឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលទ្រង់ស្ដីបន្ទោសដែរ 12 ដ្បិតអុលឡោះតាអាឡាតែងតែប្រៀនប្រដៅអស់អ្នកដែលទ្រង់ស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។ ប្រាជ្ញានាំឲ្យមានសុភមង្គល 13 អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ 14 ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ 15 ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។ 16 ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ 17 ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ 18 ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។ 19 អុលឡោះតាអាឡាបានបង្កើតផែនដី ដោយសារប្រាជ្ញាញាណរបស់ទ្រង់ ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយសារតម្រិះរបស់ទ្រង់។ 20 ទ្រង់បានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារតម្រិះដ៏វាងវៃរបស់ទ្រង់។ អុលឡោះតាអាឡាការពារអ្នកមានប្រាជ្ញា 21 កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ 22 ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។ 23 ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ 24 កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ 25 កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ 26 ដ្បិតអុលឡោះតាអាឡានឹងការពារកូន ទ្រង់មិនបណ្ដោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។ ត្រូវមានចិត្តស្រឡាញ់អ្នកដទៃ 27 មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ 28 បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ 29 មិនត្រូវប៉ុនប៉ងធ្វើបាបអ្នកដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ 30 កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។ 31 កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ 32 ដ្បិតអុលឡោះតាអាឡាមិនពេញចិត្តនឹងមនុស្សខិលខូចទេ តែទ្រង់ស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ 33 អុលឡោះតាអាឡាដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែទ្រង់ប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។ 34 ទ្រង់មើលងាយអស់អ្នកដែលមើលងាយគេ តែទ្រង់សំដែងចិត្តប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។ 35 អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។ |
© 2014 United Bible Societies, UK.
United Bible Societies