Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 30 - អាល់គីតាប

1 ពេល​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​យ៉ាកកូប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ រ៉ាជែល​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។

2 យ៉ាកកូប​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​អុលឡោះ​ឬ? គឺ​អុលឡោះ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។

3 រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»។

4 រ៉ាជែល​ក៏​យក​ប៊ីលហា​មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ គាត់​រួម​ដំណេក​ជា​មួយ​នាង

5 ប៊ីលហា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​យ៉ាកកូប។

6 រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

7 ប៊ីលហា​ជា​ស្រី​បម្រើ​របស់​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​យ៉ាកកូប។

8 រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ​ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

9 កាល​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ។

10 ស៊ីលប៉ា​ជា​ស្រី​បម្រើ​របស់​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​យ៉ាកកូប។

11 លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។

12 ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​យ៉ាកកូប។

13 លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភ‌មង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង​ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។

14 ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្តាយ។ ពេល​នោះ រ៉ាជែល​ពោល​ទៅ​កាន់​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

15 លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​ខ្ញុំ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ​បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​ខ្ញុំ​ទៀត?»។ រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

16 នៅ​ពេល​ល្ងាច យ៉ាកកូប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ​បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ យ៉ាកកូប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

17 អុលឡោះ​បាន​ប្រោស​ប្រណី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត​ជា​កូន​ទី​ប្រាំ ជូន​យ៉ាកកូប។

18 គាត់​ពោល​ថា៖ «អុលឡោះ​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

19 លេអា​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​មួយ ជូន​យ៉ាកកូប

20 លេអា​ពោល​ថា៖ «អុលឡោះ​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​ឲ្យ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្តល់​កិត្តិយស​ឲ្យ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូ‌ឡូន”។

21 បន្ទាប់​មក គាត់​សំរាល​បាន​កូន​ស្រី​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ឌីណា»។

22 អុលឡោះ​មិន​ភ្លេច​រ៉ាជែល​ទេ ទ្រង់​ស្តាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។

23 គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «អុលឡោះ​បាន​ដក​សេចក្តី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

24 គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូសុះ ទាំង​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»”។


ណាពី​យ៉ាកកូប និង​ឡាបាន់

25 ក្រោយ​ពេល​ដែល​រ៉ាជែល​សំរាល​បាន​យូសុះ​ហើយ យ៉ាកកូប​និយាយ​ទៅ​កាន់​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ដឹង​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

27 ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។

28 ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។

29 យ៉ាកកូប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្តង»។

31 ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» យ៉ាកកូប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្តាប់​សេចក្តី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​តទៅ​មុខ​ទៀត។

32 ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​ទាំង​មូល​របស់​លោក​ឪពុក ហើយ​ញែក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពព្លាក់ ពពាល និង​ចៀម​ទាំង​ប៉ុន្មាន​ដែល​មាន​សម្បុរ​ស្រអាប់ ចេញ​ពី​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ខ្ញុំ​ក៏​នឹង​ញែក​ពពែ​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពពាល និង​ពព្លាក់ ចេញ​ពី​ហ្វូង​ពពែ​របស់​លោក​ឪពុក​ដែរ។ ខ្ញុំ​សុំ​យក​សត្វ​ទាំង​នោះ​ទុក​ជា​ថ្លៃ​ឈ្នួល។

33 ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ដឹង​ថា ខ្ញុំ​ទៀង​ត្រង់​ទេ។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​មាន​សត្វ​ណា​ដែល​មិន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម​វិញ បាន​សេចក្តី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។

34 ឡាបាន់​និយាយ​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

35 នៅ​ថ្ងៃ​ដដែល​នោះ ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

36 រួច​គាត់​ឲ្យ​ពួក​គេ​ទៅ​ឆ្ងាយ​ពី​យ៉ាកកូប ចម្ងាយ​ដើរ​ផ្លូវ​បី​ថ្ងៃ។ រីឯ​យ៉ាកកូប​វិញ គាត់​ឃ្វាល​ហ្វូង​សត្វ​របស់​ឡាបាន់​ដែល​នៅ​សល់។

37 យ៉ាកកូប​បាន​កាច់​មែក​រាំង មែក​ស្វាយ​ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

38 បន្ទាប់​មក គាត់​យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែង​តែ​ជាន់​គ្នា​នៅ​ពេល​ផឹក​ទឹក។

39 សត្វ​ទាំង​នោះ​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ ក្រោយ​មក​វា​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។

40 ចំណែក​ឯ​ចៀម​ដែល​យ៉ាកកូប​ញែក​ទុក​ដោយ​ឡែក​នោះ គាត់​ដាក់​វា​ឲ្យ​មើល​សត្វ​របស់​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ គាត់​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​គាត់​ផ្ទាល់ ហើយ​គាត់​មិន​ទុក​ឲ្យ​វា​នៅ​ឡូក​ឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​ឡាបាន់​ទេ។

41 ពេល​ណា​មាន​សត្វ​មាំៗ មក​ជាន់​គ្នា​នៅ​ទី​នោះ យ៉ាកកូប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ។

42 តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា គាត់​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ​សត្វ​ខ្សោយៗ​ជា​កម្ម‌សិទ្ធិ​របស់​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្ម‌សិទ្ធិ​របស់​យ៉ាកកូប។


ណាពី​យ៉ាកកូប​រត់​ទៅ​ស្រុក​កាណាន​វិញ

43 យ៉ាកកូប​មាន​សម្បត្តិ​ទ្រព្យ កាន់​តែ​ច្រើន​ឡើងៗ។ គាត់​មាន​ហ្វូង​សត្វ​យ៉ាង​បរិបូណ៌ ព្រម​ទាំង​មាន​អ្នក​បម្រើ​ស្រី​ប្រុស មាន​អូដ្ឋ និង​មាន​លា​ជា​ច្រើន​ផង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម