លេវីវិន័យ 4 - អាល់គីតាបគូរបានរំដោះបាបរបស់មូស្ទី 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ 2 «ចូរប្រាប់កូនចៅអ៊ីស្រអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលអុលឡោះតាអាឡាហាមឃាត់ត្រូវធ្វើដូចតទៅ: 3 ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡាជាគូរបានរំដោះបាប។ 4 គាត់នាំគោស្ទាវនោះមកជូនអុលឡោះតាអាឡា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា គាត់ត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា។ 5 មូស្ទីត្រូវយកឈាមគោ ចូលមកក្នុងជំរំជួបអុលឡោះតាអាឡា 6 រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះអុលឡោះតាអាឡាខាងមុខវាំងននទីសក្ការៈ។ 7 គាត់យកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះអុលឡោះតាអាឡា ក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបានដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 8 គាត់យកខ្លាញ់ទាំងអស់របស់គោឈ្មោលដែលធ្វើជាគូរបានរំដោះបាបនោះ គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 9 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 10 អ៊ីមុាំត្រូវដុតចំណែកទាំងនោះនៅលើអាសនៈធ្វើគូរបាន ដូចគេដុតចំណែករបស់គូរបានមេត្រីភាពដែរ។ 11 រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក 12 ពោលគឺគោទាំងមូល ត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធសម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។ គូរបានរំដោះបាបរបស់សហគមន៍ 13 «ប្រសិនបើសហគមន៍អ៊ីស្រអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំអះមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស 14 នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅជូនអុលឡោះតាអាឡាជាគូរបានរំដោះបាបនៅមុខជំរំជួបអុលឡោះតាអាឡា។ 15 អស់លោកអះលីជំអះរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះនៅចំពោះអុលឡោះតាអាឡា ហើយអះលីជំអះមួយនាក់អារកវានៅចំពោះអុលឡោះតាអាឡា។ 16 មូស្ទីយកឈាមគោបាចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា។ 17 គាត់យកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះអុលឡោះតាអាឡា ខាងមុខវាំងនន។ 18 គាត់យកឈាមនោះលាបលើស្នែងអាសនៈនៅចំពោះអុលឡោះតាអាឡាក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបាន ដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 19 គាត់យកខ្លាញ់ទាំងអស់របស់គោបា ដុតនៅលើអាសនៈ។ 20 គាត់ធ្វើពិធីជូនគូរបានគោបានេះ ដូចគាត់ធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។ 21 បន្ទាប់មក គាត់យកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាគូរបានរំដោះបាបរបស់សហគមន៍អ៊ីស្រអែល»។ គូរបានរំដោះបាបរបស់មេដឹកនាំ 22 «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដែលបណ្តាលឲ្យខ្លួនមានទោស 23 នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយ ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។ 24 គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា ត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ នេះជាគូរបានរំដោះបាប។ 25 អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។ 26 គាត់ដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។ គូរបានរំដោះបាបរបស់ប្រជាជនធម្មតា 27 «ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស 28 នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា ដើម្បីសូមឲ្យរួចពីបាប។ 29 គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ 30 អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ 31 គាត់ពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។ 32 ប្រសិនបើអ្នកនោះចង់ធ្វើចៀមជាគូរបានរំដោះបាប គេត្រូវជូនចៀមញី ល្អឥតខ្ចោះ។ 33 គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត។ 34 អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វដែលធ្វើជាគូរបានរំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត ហើយគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ 35 គាត់ពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀមដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈរួមជាមួយជំនូនដែលគេដុតជូនអុលឡោះតាអាឡា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។ |
© 2014 United Bible Societies, UK.
United Bible Societies