Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 27 - អាល់គីតាប


អំពី​បំណន់ និង​ជំនូន​មួយ​ភាគ​ដប់

1 អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់អុលឡោះ‌តាអាឡា ដោយ​សន្យា​ជូន​នរណា​ម្នាក់​ទៅ​ទ្រង់ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។

3 ត្រូវ​វាយ​តម្លៃ​មនុស្ស​ដូច​ត​ទៅ: មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ ទៅ​ហុក‌សិប​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​ដប់‌ប្រាំ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។

4 ប្រសិន​បើ​ជា​ស្ត្រី​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។

5 ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។

6 ក្មេង​ដែល​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សម្រាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សម្រាប់​ក្មេង​ស្រី។

7 ចំពោះ​ចាស់ៗ​ដែល​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។

8 ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រី​ក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ជូន​នោះ​ទៅ​ជួប​អ៊ីមុាំ ហើយ​អ៊ីមុាំ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កំរិត​ជីវ‌ភាព​របស់​អ្នក​បន់។

9 ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ជូន​អុលឡោះ។

10 មិន​ត្រូវ​យក​អ្វី​មក​ដោះដូរ​សត្វ​ដែល​ត្រូវ​ជូន​ទ្រង់​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ​មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។

11 ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ជូន​សត្វ​មិន​ល្អ គឺ​សត្វ​ដែល​មិន​ត្រូវ​ជូនអុលឡោះ‌តាអាឡា តែ​ត្រូវ​នាំ​សត្វ​នោះ ទៅ​ជូន​អ៊ីមុាំ

12 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​គុណ​ភាព​របស់​សត្វ​នោះ​រួច​វាយ​តម្លៃ។

13 ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ ថែម​ពី​លើត​ម្លៃ​ដែល​អ៊ីមុាំ​បាន​គិត។

14 ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។

15 ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​អ៊ីមុាំ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។

16 ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី​ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់​ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។

17 ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា‌ករុណា​ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។

18 ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ក្រោយ​ឆ្នាំ​មេត្តា‌ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា​ខាង​មុខ។

19 បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បានជា​កម្ម‌សិទ្ធិ​របស់​គេ​វិញ។

20 ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​បាន​ឡើយ។

21 នៅ​ឆ្នាំ​មេត្តា‌ករុណា​ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​គេ​ជូន​ដល់​ទ្រង់​ហើយ​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ។

22 ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ ជូន​ជា​សក្ការៈ​ដល់អុលឡោះ‌តាអាឡា ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន​មែន​ជា​កេរ​អាករ

23 អ៊ីមុាំ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​អ៊ីមុាំ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា។

24 លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។

25 ការ​វាយ​តម្លៃ​ទាំង​អស់ ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុងទី​សក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា។

26 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ជូនអុលឡោះ‌តាអាឡា​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ។

27 ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​ល្អ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​អ៊ីមុាំ​បាន​គិត។

28 បើ​នរណា​ម្នាក់​ជូន​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​ជំនូន​នោះ​ឡើយ ទោះ​បី​ជំនូន​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី​ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​សក្ការៈ​ជូន​ទ្រង់​រហូត។

29 រីឯ​មនុស្ស​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា គ្មាន​នរណា​មាន​សិទ្ធិ​លោះ​បាន​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។

30 ជំនូន​មួយ​ភាគ​ដប់​ទាំង​អស់ គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្តី ត្រូវ​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា។

31 ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​ជំនូន​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។

32 ចំពោះ ហ្វូង​គោ និង​ហ្វូងចៀម ក៏​ត្រូវ​ជូន​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់អុលឡោះ‌តាអាឡា​ដែរ។

33 ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ​សម្រាប់​ជូន​ទ្រង់​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ជូន​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​បាន​ទេ»។

34 នេះ​ហើយ​ជា​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម