Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 13 - អាល់គីតាប


ក្រិត្យ‌វិន័យស្តី​អំពី​ជំងឺ​សើ​ស្បែក

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖

2 «កាល​ណា​មនុស្ស​ម្នាក់​មាន​ដុំ​ពក​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ​ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​អ៊ីមុាំ​ហារូន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។

3 អ៊ីមុាំ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្តី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

4 ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ អ៊ីមុាំ​ត្រូវ​នាំ​អ្នក​ជំងឺ​ឲ្យ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។

5 លុះ​គំរប់​ប្រាំ​ពីរ​ថ្ងៃ អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ ពុំ​បាន​ប្រែ​ប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ អ៊ីមុាំ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

6 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ៊ីមុាំ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្តង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ​អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។

7 ប៉ុន្តែ ក្រោយ​ពេល​ដែល​អ៊ីមុាំ​ប្រកាស​ថា គាត់​បាន​បរិសុទ្ធ ហើយ​ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​អ៊ីមុាំ​វិញ។

8 អ៊ីមុាំ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។

9 កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​អ៊ីមុាំ

10 ហើយ​អ៊ីមុាំ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​គាត់​សង្កេត​ឃើញ​មាន​ដុំ​ពក​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​ដុំ​ពក​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ដុំ​ពក

11 នោះ​បាន​សេចក្តី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំ‌រ៉ៃ។ អ៊ីមុាំ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ អ៊ីមុាំ​មិន​ចាំ​បាច់​ឲ្យ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។

12 ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ៊ីមុាំ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល​ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ

13 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់។ បើ​គាត់​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ គាត់​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌ស​ទាំង​អស់ ដូច្នេះ​បាន​សេចក្តី​ថា​គាត់​បរិសុទ្ធ។

14 ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។

15 អ៊ីមុាំ​ឃើញ​សាច់​ខ្ចី គាត់​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។

16 ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​អ៊ីមុាំ។

17 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។

18 ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ នៅ​លើ​ស្បែក​រួច​បាន​ជា​វិញ

19 ហើយ​ប្រសិន​បើ​ឃើញ​មាន​ដុំ​ពក​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​អ៊ីមុាំ។

20 អ៊ីមុាំ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស អ៊ីមុាំ​ត្រូវ​ប្រកាស​ថា​អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។

21 ប៉ុន្តែ បើ​អ៊ីមុាំ​មិន​ឃើញ​មាន​រោម​ពណ៌​ស នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ អ៊ីមុាំ​អ្នកជំងឺ​នៅ​ដាច់​តែឯ​ង​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

22 ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។

23 ផ្ទុយ​ទៅ​វិញ​បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល​ដាល​ទេ បាន​សេចក្តី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ អ៊ីមុាំ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

24 ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយ​សារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង

25 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់កើត​ត្រង់​កន្លែង​ដែល​រលាក។ ដូច្នេះ អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

26 ប៉ុន្តែ បើ​អ៊ីមុាំ​មិន​ឃើញ​មាន​រោម​ពណ៌​ស នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ អ៊ីមុាំ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

27 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពេល​អ៊ីមុាំ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។

28 ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល​ដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្តី​ថា​ជា​ស្នាម​រលាក។ អ៊ីមុាំ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។

29 ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា

30 អ៊ីមុាំ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើលៗ នោះ​អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម៉្យាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។

31 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ៊ីមុាំ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ គាត់​ត្រូវ​ឲ្យ​អ្នកជំងឺ នៅ​ដាច់​តែ​ឯង​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

32 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​គាត់​សង្កេត​ឃើញ​ថា ស្នាម​អង្គែ​ពុំ​បាន​រាល​ដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ

33 អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ អ៊ីមុាំ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

34 លុះ​គំរប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ អ៊ីមុាំ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្តង​ទៀត បើ​អង្គែ​មិន​រាល​ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ​អ៊ីមុាំ​ត្រូវ​ប្រកាស​ថា​គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។

35 ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​ដែល​អ៊ីមុាំ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាល​ដាល

36 នោះ​អ៊ីមុាំ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាល​ដាល​នៅ​លើ​ស្បែក​មែន អ៊ីមុាំ​មិន​ចាំ​បាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

37 ប្រសិន​បើ​ស្នាមអង្គែ​នៅ​ដដែល​ឥត​ប្រែ​ប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេច​ក្តីថា រោគ​អង្គែ​ជា​សះ​ស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ​អ៊ីមុាំ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

38 ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក

39 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើ​ស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

40 កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។

41 ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។

42 ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​ទំពែក ទោះ​បី​នៅ​កណ្តាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្តី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្តី​ថា គាត់​កើត​រោគ​ឃ្លង់​ហើយ។

43 អ៊ីមុាំ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​ដុំ​ពក​ពណ៌​ក្រហម​ព្រឿងៗ ដូច​ជា​រោគ​ឃ្លង់​នៅ​ត្រង់​កន្លែង​ទំពែក​ទោះ​បី​នៅ​កណ្តាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្តី

44 បាន​សេចក្តី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ អ៊ីមុាំ​ត្រូវ​ប្រកាស​ថា​គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។

45 អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។

46 ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ​គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។


សម្លៀកបំពាក់ដុះផ្សិត

47 «ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត កើត​ឡើង​នៅ​លើ​សម្លៀក​បំពាក់ ទោះ​បី​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្តី សំពត់​ទេស​ឯក​ក្តី

48 ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ​សម្លៀក​បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក

49 ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿងៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀក​បំពាក់ និង​វត្ថុ​ទាំង​នោះទៅ​ជូន​អ៊ីមុាំ​ពិនិត្យ។

50 ក្រោយ​ពី​បាន​ពិនិត្យ​ហើយ អ៊ីមុាំ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។

51 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គាត់​ត្រូវ​ពិនិត្យ​ម្តង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាល​ដាល​លើស​ម្លៀក​បំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្តី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។

52 អ៊ីមុាំ​ត្រូវ​ដុត​សម្លៀក​បំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត មិន​អាច​បំបាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។

53 ក៏​ប៉ុន្តែ ប្រសិន​បើ​អ៊ីមុាំ​ពិនិត្យ​មើល ឃើញ​ថា​ផ្សិត​នោះ​មិន​រាល​ដាល​នៅ​លើ​សម្លៀក​បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ

54 គាត់​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សំអាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

55 ក្រោយ​ពី​លាង​សំអាត​ហើយ អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល​ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។

56 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ៊ីមុាំ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​គាត់​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក​បំពាក់ ស្បែក ឬ​អំបោះ​នោះ។

57 ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក​បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ​ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។

58 ពេល​ណា​គេ​បោក​សម្លៀក​បំពាក់ ក្រណាត់​អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្តង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។

59 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ស្នាម​ដុះ​ផ្សិត នៅ​លើ​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ​នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ហ៊ូកុំ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម