Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 11 - អាល់គីតាប


ក្រិត្យ‌វិន័យ​ស្តី​អំពី​ភាព​បរិសុទ្ធ និង​ភាព​មិន​បរិសុទ្ធ ក្រិត្យ‌វិន័យ​ស្តីអំពី​សត្វ​ហាឡាល់ និង​សត្វ​មិន​ហាឡាល់

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែនដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន

3 គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា​អៀង​ផង។

4 ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា​ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​សត្វ​ណា​ដែល​គ្រាន់​តែ​ទំពា​អៀង​នោះ​ឡើយ។ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់​មាន​ដូច​ត​ទៅ: គឺ​សត្វ​អូដ្ឋ ដ្បិត​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។

5 ទន្សាយ​ថ្ម ដ្បិត​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។

6 ទន្សាយ​ព្រៃ ដ្បិត​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។

7 ជ្រូក ដ្បិត​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា​អៀង​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។

8 អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ខ្មោច​វា​ដែរ គឺ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។

9 ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ​បី​ទឹក​សមុទ្រ​ក្តី ទឹក​ទន្លេ​ក្តី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន តែ​សត្វ​ណា​ដែល​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។

10 រីឯ​សត្វ​ដែល​គ្មាន​ព្រុយ គ្មាន​ស្រកា ទោះ​បី​ជា​ពពួក​សត្វ​ល្អិត​ដែល​រស់​រវើក​ក្នុង​ទឹក ឬ​សត្វ​ឯ​ទៀតៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​ក្តី អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់​គួរ​ស្អប់​ខ្ពើម។

11 អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ខ្មោច​របស់​វា​ដែរ។

12 អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ទឹក តែ គ្មាន​ស្រកា និង​គ្មាន​ព្រុយ។

13 ក្នុង​ចំណោម​សត្វ​ស្លាប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក

14 រអាត ត្មាត​គ្រប់​ប្រភេទ

15 ក្អែក​គ្រប់​ប្រភេទ

16 អូទ្រុស មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ

17 ទីទុយ ក្អែក​ទឹក ក្រៀល

18 គូក ទុង ស្មោញ

19 កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។

20 អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។

21 ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី

22 ដូច​ជា​កណ្តូប និង​ចង្រិត​គ្រប់​ប្រភេទ។

23 រីឯ​សត្វ​ល្អិត​ផ្សេង​ទៀត​ដែល​មាន​ស្លាប និង​ជើង​នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សត្វ​គួរ​ស្អប់​ខ្ពើម​វិញ។

24 សត្វ​ទាំង​នោះ​នឹង​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ណា​ប៉ះ​ពាល់​ខ្មោច​របស់​វា អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

25 អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

26 សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់ មាន​ដូច​ត​ទៅ: គឺ​សត្វ​ដែល​គ្មាន​ក្រចក​ឆែក និង​មិន​ទំពា​អៀង អ្នក​ដែល​ប៉ះ​ពាល់​សត្វ​នោះ នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។

27 សត្វ​ចតុ‌បាទ​ទាំង​អស់​ដែល​ដើរ​លើ​បាត​ជើង គឺ​ជា​សត្វ​មិន​ហាឡាល់ ហើយ​អ្នក​ដែល​ប៉ះ​ពាល់​ខ្មោច​របស់​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

28 អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

29 ក្នុង​ចំណោម​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់​មាន​ដូច​ត​ទៅ: ស្កា កណ្តុរ បង្កួយ​គ្រប់​ប្រភេទ

30 តុក‌កែ ជីង‌ចក់ ថ្លែន ជាស។

31 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ហាឡាល់ ហើយ​អ្នក​ដែល​ប៉ះ​ពាល់​ខ្មោច​វា នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

32 ប្រសិន​បើ​សត្វ​ណា​មួយ​ងាប់ ហើយ​ធ្លាក់​មក​លើ​វត្ថុ​អ្វី​មួយ ដូច​ជា​សម្ភារៈ​ធ្វើ​អំពី​ឈើ សម្លៀក​បំពាក់​ស្បែក​ថង់ និង​អ្វីៗ​ទាំង​អស់​ដែល​ជា​គ្រឿង​ប្រើ​ប្រាស់ ត្រូវ​យក​ទឹក​មក​លាង តែ​វត្ថុ​នោះ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច ក្រោយ​មក ទើប​គេ​អាច​ប្រើ​ប្រាស់​បាន​វិញ។

33 ប្រសិន​បើ​សត្វ​ណា​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្អម​ធ្វើ​អំពី​ដី អ្វីៗ​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​ហាឡាល់ ហើយ​ក្អម​នោះក៏​ត្រូវ​តែ​បំបែក​ចោល​ដែរ។

34 ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សម្រាប់​បរិភោគ​អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​ហាឡាល់ ហើយ​ទឹក​សម្រាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​ហាឡាល់​ដែរ។

35 ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើ​ប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្តី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​ហាឡាល់ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កំទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​ហាឡាល់។

36 ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​ក្នុង​ប្រភពទឹក ឬ​អណ្តូង​ទឹក នោះ​ទឹក​នៅ​តែ​ហាឡាល់​ដដែល ប៉ុន្តែ អ្នក​ដែល​យក​ខ្មោច​សត្វ​នោះ​ចេញ​នឹង​ទៅ​ជា​មិន​ហាឡាល់។

37 ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញ‌ជាតិ ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​ហាឡាល់​ដដែល។

38 ប៉ុន្តែ បើ​វា​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញ‌ជាតិ​ដែល​ត្រាំ​ទឹក​រួច​ហើយ គ្រាប់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​ហាឡាល់។

39 ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះ​ពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

40 អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

41 កុំ​បរិភោគ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

42 អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ​បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្តី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

43 អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ឲ្យ​សៅ‌ហ្មង ដោយ​ប៉ះ​ពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្តាល​ឲ្យ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។

44 យើង អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ​សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។

45 យើង​ជាអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​ជា​បរិសុទ្ធ ដ្បិត​យើង​ជា​ម្ចាស់​បរិសុទ្ធ។

46 នេះ​សុទ្ធ​សឹង​ជា​ក្រិត្យ‌វិន័យ ស្តី​អំពី​ពួក​សត្វ​ជើង​បួន​សត្វ​ស្លាប​សត្វ​ដែល​រស់​រវើក​រវាន់​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។

47 ក្រិត្យ‌វិន័យ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​រវាង​សត្វ​ហាឡាល់ និង​សត្វ​មិន​ហាឡាល់ សត្វ​ដែល​អាច​បរិភោគ​បាន និង​សត្វ​ដែល​បរិភោគ​មិន​បាន»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម