លូកា INTRO1 - អាល់គីតាបពាក្យ​លំនាំ លោក​លូកា ជា​គ្រូ​ពេទ្យ​ជាតិ​ក្រិក​មួយ​នាក់។ លោក​ពុំ​បាន​ស្គាល់​ណាពី​អ៊ីសា​ដោយ​ផ្ទាល់​ខ្លួន​លោក​ទេ ហើយ​លោក​ក៏​ពុំ​មែន​ជា​សិស្ស​ដំបូង ឬ​ជា​អ្នកនាំ​សារ​របស់​ណាពី​អ៊ីសា​ដែរ តែ​លោក​ជា​អូមាត់អ៊ីសា​មួយ​នាក់​ដែល​ជា​សហការី​របស់​អ្នកនាំ​សារ​ប៉ូល ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ផ្សាយ​ដំណឹងល្អ​នៅ​មជ្ឈិមបូព៌ា​ប្រទេស។ លោក​លូកា​បាន​តែង​គីតាប​ពីរ​គីតាប គឺ​គីតាប «ដំណឹងល្អ​លូកា» និង​គីតាប «កិច្ចការ»។ លោក​បាន​ប្រមូល​ឯកសារ​ផ្សេង​ៗ​ស្តី​អំពី​អ៊ីសា ហើយ​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់ តាម​របៀប​អ្នក​ប្រាជ្ញ​ក្នុង​សម័យ​នោះ។ លោក​បាន​តែង​គីតាប​នេះ ក្រោម​ការ​បំភ្លឺ​របស់​រស់​នៃ​អុលឡោះតាអាឡា។ លោក​លូកា​បាន​តែង​គីតាប​ដំណឹងល្អ​នេះ​នៅ​ចន្លោះ​គ.ស.៨០-៩០។ គោល​បំណង​របស់​លោក​លូកា លោក​លូកា​បាន​តែង​គីតាប​នេះ សម្រាប់​ឲ្យ​ជនជាតិ​ក្រិក​អាន។ លោក​រ៉ាយរ៉ាប់​ប្រវត្តិ​របស់​អ៊ីសា ដោយ​ចង់​ពន្យល់​ថា រស់​របស់​អុលឡោះ​បាន​ណែនាំ​ណាពី​អ៊ីសា តាំង​ពី​មុន​អ៊ីសា​ប្រសូត​មក រហូត​ដល់​ពេល​អ៊ីសា​ស្លាប់​នៅ​ក្រុង​យេរូសាឡឹម។ ក្រោយ​អ៊ីសា​បាន​រស់​ឡើង​វិញ រសអុលឡោះ​បាន​ណែនាំ​ក្រុម​អូមាត់អ៊ីសា​ឲ្យ​ប្រកាស​ផ្សាយ​ដំណឹងល្អ​អំពី​អាល់ម៉ាហ្សៀស រហូត​ដល់​ចុង​កាត់​មាត់ញក​នៃ​ផែនដី។ លោក​ប្រៀនប្រដៅ​អ្នក​ដែល​ជឿ​លើ​អ៊ីសា​ឲ្យ​មាន​ចិត្ត​មេត្តាករុណា ដូច​អុលឡោះ​ដែល​មេត្តាករុណា។ លោក​ប្រៀនប្រដៅ​គេ​ឲ្យ​ចេះ​ស្រឡាញ់​រាប់​អាន​ជនជាតិ​ដទៃ ជា​ពិសេស​ជា​មួយ​ជនជាតិ​ដែល​រស់​នៅ​ជិត​ខាង ឲ្យ​ចេះ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ក្រីក្រ និង​សុខ​ចិត្ត​លះបង់​អ្វីៗ​ទាំង​អស់ ដោយ​យល់​ដល់​អាល់ម៉ាហ្សៀស។ អ្នក​ជឿ​អ៊ីសា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទូរអា គឺ​និយាយ​សារស័ព្ទ​ជា​មួយ​អុលឡោះ​ដោយ​ស្និទ្ធស្នាល ត្រូវ​មាន​អំណរ​សប្បាយ​ជានិច្ច ព្រោះ​មាន​អាល់ម៉ាហ្សៀស​នៅ​ជា​មួយ និង​ត្រូវ​យល់​ច្បាស់​ថា​អុលឡោះ​សង្គ្រោះ​អ្នក​ជឿ​ឥឡូវ​នេះ។ គម្រោង​របស់​គីតាប​លូកា •បុព្វកថា (១.១-៤) •កំណើត​របស់​ណាពី​យ៉ះយ៉ា និង​ណាពី​អ៊ីសា (១.៥-២.៥២) •សេចក្តី​ប្រកាស​របស់​ណាពី​យ៉ះយ៉ា (៣.១-២០) •អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.២១-៤.១៣) •ណាពី​អ៊ីសា​ប្រកាស​ដំណឹងល្អ​នៅ​ស្រុក​កាលីឡេ (៤.១៤- ៩.៥០) •ណាពី​អ៊ីសា​ចេញ​ពី​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម (៩.៥១-១៩.២៧) • សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូសាឡឹម និង​ភូមិ​ដែល​នៅ​ជុំវិញ (១៩.២៨-២៣.៥៦) •ណាពី​អ៊ីសា​បាន​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៤.១-៥៣) |
© 2014 United Bible Societies, UK.
United Bible Societies