Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូស្វេ 8 - អាល់គីតាប


ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​ដណ្តើម​យក​ទី‌ក្រុង​អៃ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្តេច​ក្រុង​អៃ ប្រជា‌ជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។

2 ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្តេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​បាន។ ចូរ​រៀប‌ចំ​ទ័ព វាយ​ឆ្មក់​ទី‌ក្រុង​ពី​ខាង​ក្រោយ»។

3 យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ គាត់​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់​អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។

4 លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទី‌ក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទី‌ក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!

5 រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទី‌ក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។

6 ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់​ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ

7 អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្តើម​យក​ទី‌ក្រុង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។

8 កាល​អ្នក​រាល់​គ្នា​យក​ទី‌ក្រុង​បាន​ត្រូវ​ដុត​ចោល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។

9 យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច ទី‌ក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ យ៉ូស្វេ​សម្រាន្ត​ជា​មួយ​ប្រជា‌ជន។

10 យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក គាត់​ដើរ​ជា​មួយ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។

11 ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទី‌ក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទី‌ក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។

12 យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទី‌ក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។

13 កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទី‌ក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទី‌ក្រុង រួច​ហើយ​យប់​នោះ យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្តាល​ជ្រលង​ភ្នំ។

14 ព្រលឹម​ឡើង កាល​ស្តេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​យ៉ូស្វេ ស្តេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទី‌ក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី‌ក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។

15 យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។

16 ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល ដេញ​តាម​ទ័ព​អ៊ីស្រ‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌ក្រុង។

17 នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រ‌អែល ដោយ​ទុក​ទី‌ក្រុង​ចោល ឥត​មាន​នរណា​ការ‌ពារ។

18 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។ យ៉ូស្វេ​លើក​លំពែង​ដែល​គាត់​កាន់ តម្រង់​ទៅ​រក​ក្រុង។

19 ពេល​គាត់​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទី‌ក្រុង ហើយ​ដណ្តើម​យក​បាន រួច​នាំ​គ្នា​ដុត​ទី‌ក្រុង​ជា​បន្ទាន់។

20 កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទី‌ក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រ‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។

21 យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្តើម​យក​ទី‌ក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី‌ក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។

22 ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទី‌ក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រ‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

23 រីឯ​ស្តេច​ក្រុង​អៃ​វិញ​គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​យ៉ូស្វេ។

24 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទី‌ក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។

25 អ្នក​ក្រុង​អៃ​ទាំង​ប្រុស ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។

26 យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​គាត់​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។

27 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភ័ណ្ឌ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​យ៉ូស្វេ។

28 យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។

29 រីឯ​ស្តេច​ក្រុង​អៃ​វិញ យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


យ៉ូស្វេ​សង់​អាសនៈ​នៅ​លើ​ភ្នំ​អេបាល

30 យ៉ូស្វេ​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​លើ​ភ្នំ​អេបាល

31 ស្រប​តាម​សេចក្តី​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ដូច​មាន​ចែង​ក្នុង​គីតាប​នៃ​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ»។ ជន‌ជាតិ​អ៊ីស្រ‌អែល​យក​សត្វ​មក​ធ្វើ​ជា​គូរបាន​ដុត ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​គូរបាន​មេត្រី‌ភាព​ផង។

32 យ៉ូស្វេ​ចម្លង​ហ៊ូកុំ​ដែល​ម៉ូសា​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល។

33 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ក្រុម​អះលី‌ជំអះ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា។ ប្រជា‌ជន​ចំនួន​ពាក់​កណ្តាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្តាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្តី​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល។

34 បន្ទាប់​មក យ៉ូស្វេ​អាន​បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ គឺ​មាន​ទាំង​ពរ ទាំង​បណ្តាសា ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​ទាំង​មូល។

35 យ៉ូស្វេ​អាន​គ្រប់​សេចក្តី​ទាំង​អស់​ដែល​ម៉ូសា​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ គាត់​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម