យ៉ូស្វេ 2 - អាល់គីតាបយ៉ូស្វេចាត់អ្នកស៊ើបការណ៍ទៅក្រុងយេរីខូ 1 យ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសំងាត់ ឲ្យចេញពីជំរំស៊ីទីម។ 2 មានគេជម្រាបស្តេចក្រុងយេរីខូថា៖ «យប់នេះមានពួកអ៊ីស្រអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ 3 ស្តេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ 4 ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ 5 លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។ 6 តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ 7 អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។ 8 នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក 9 ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក 10 ដ្បិតយើងបានឮគេនិយាយថា អុលឡោះតាអាឡាធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកអ្នក គឺពួកអ្នកបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់។ 11 ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។ 12 ឥឡូវនេះ សូមអ្នកទាំងពីរស្បថ ឲ្យនាងខ្ញុំ ដោយយកអុលឡោះតាអាឡាជាសាក្សីថា នាងខ្ញុំបានជួយអ្នកទាំងពីរដោយសប្បុរសយ៉ាងណា សូមអ្នកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា 13 ពួកអ្នកនឹងអនុគ្រោះដល់ជីវិតឪពុកម្តាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ 14 បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ 15 បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្តង។ 16 នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកគេដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ 17 បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ 18 ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។ 19 ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ! 20 ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។ 21 នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់អ្នកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ 22 បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។ 23 បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជម្រាបគាត់ នូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។ 24 បុរសទាំងពីរជម្រាបយ៉ូស្វេថា៖ «អុលឡោះតាអាឡាពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុក ក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។ |
© 2014 United Bible Societies, UK.
United Bible Societies