Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូស្វេ 17 - អាល់គីតាប


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច

1 កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ច្បង​របស់​យូសុះ​ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ​ជា​កូន​ច្បង​របស់​លោក​ម៉ាណាសេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន។

2 រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណាសេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​យូសុះ តាម​អំបូរ​របស់​ពួក​គេ។

3 លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅ​ទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណាសេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។

4 នាង​ទាំង​នោះ​បាន​ទៅ​ជួប​អ៊ីមុាំ​អេឡា‌សារ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌ជន ជម្រាប​ថា “អុលឡោះ‌តាអាឡា​បាន​បង្គាប់​ម៉ូសា ឲ្យ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិ​សន្តាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​ឲ្យ​ពួក​នាង ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិ​សន្តាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា។

5 ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណាសេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

6 ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណាសេ​ឯ​ទៀតៗ។

7 ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ លាត​សន្ធឹង​ពី​ស្រុក​អេស៊ើរ ទៅ​ក្រុង​មីគ‌មេថា ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-តាពួរ។

8 ទឹក​ដី​ស្រុក​តាពួ ជា​កម្ម‌សិទ្ធិ​របស់​កូន​ចៅ​ម៉ាណាសេ ប៉ុន្តែ ក្រុង​តាពួ ដែល​ជាប់​នឹង​ព្រំ​ប្រទល់​ម៉ាណាសេ ជា​កម្ម‌សិទ្ធិ​របស់​កូន​ចៅ​អេប្រា‌អ៊ីម

9 ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ថ្វី​ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណាសេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។

10 ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ហើយ​ខាង​ជើង​ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ សមុទ្រ​មេឌី‌ទែរ៉ា‌ណេ​ជា​ព្រំ​ប្រទល់​ខាង​លិច ស្រុក​អេស៊ើរ​ជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ី‌សា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។

11 កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ី‌សា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

12 ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​បាន​ទេ ជន‌ជាតិ​កាណាន​ប្តេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។

13 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹង‌ប៉ឹង​មាំ‌មួន​ហើយ ពួក​គេ​បង្ខិត‌បង្ខំ​ជន‌ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​នេះ​ចេញ​ពី​ស្រុក​បាន​ឡើយ។


កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម និង​ម៉ាណាសេ​ខាង​លិច ទាម‌ទារ​ទឹក​ដី​ថែម​ទៀត

14 កូន​ចៅ​របស់​យូសុះ ជម្រាប​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។

15 យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រា‌អ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផែម​ទៅ»។

16 កូន​ចៅ​របស់​យូសុះ​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

17 យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​យូសុះ គឺ​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច​ថា៖ «បង​ប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ​បង​ប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។

18 បង​ប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង​ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​ត្រូវ​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំង‌ក្លា​យ៉ាង​ណា​ក៏​ដោយ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម