Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូស្វេ 14 - អាល់គីតាប


ការ​បែង​ចែក​ទឹក​ដី​ខាង​លិច​ទន្លេ​យ័រដាន់

1 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​អ៊ីមុាំ​អេឡា‌សារ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ

2 គឺ​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​តាម​រយៈ​ម៉ូសា

3 ដ្បិត​កាល​ពី​មុន ម៉ូសា​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​គាត់​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ដូច​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ទេ។

4 គេ​ចាត់​ទុក​កូន​ចៅ​យូសុះ ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រា‌អ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី​ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។

5 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បង្គាប់​មក​ម៉ូសា។


លោក​កាលែប​ទទួល​ទឹក​ដី​ហេប្រូន

6 កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​យ៉ូស្វេ​នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស និយាយ​មក​កាន់​យ៉ូស្វេ​ថា៖ «អ្នក​ជ្រាប​ស្រាប់​ហើយ នូវ​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា អ្នក​ជំនិត​របស់​ទ្រង់ នៅ​ស្រុក​កាដេស-បារនា ស្តី​អំពី​យើង​ទាំង​ពីរ គឺ​អ្នក និង​ខ្ញុំ។

7 កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្តី​រាយ‌ការណ៍​ជូន​ទៅ​គាត់​វិញ ដោយ​ស្មោះ​ត្រង់។

8 បង​ប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

9 នៅ​ថ្ងៃ​នោះ ម៉ូសា​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​នេះ​មក​ម៉ូសា​កាល​ពី​សែ‌សិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន។ អុលឡោះ‌តាអាឡា​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​នៅ​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​ឆ្នាំ​ហើយ។

11 សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​ម៉ូសា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។

12 សូម​ប្រគល់​ស្រុក​ភ្នំ​មក​ឲ្យ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​សន្យា​ថា នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជម្រាប​លោក​ស្រាប់​ហើយ​ថា មាន​ជន‌ជាតិ​អាណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្តាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់»។

13 យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​គាត់ ទុក​ជា​មត៌ក។

14 ក្រុង​ហេប្រូន​នៅ​ជា​កម្ម‌សិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។

15 កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារ‌យ៉ាត-អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន‌ជាតិ​អាណាក់។ ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេសក៏​បាន​សុខ‌សាន្ត​ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម