យ៉ូប 8 - អាល់គីតាបប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស 1 លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា មានប្រសាសន៍ថា៖ 2 «តើអ្នកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើអ្នកបញ្ចេញពាក្យសំដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? 3 តើអុលឡោះបង្ខូចយុត្តិធម៌ឬ តើអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ? 4 ប្រសិនបើកូនប្រុសរបស់អ្នកប្រព្រឹត្ត អំពើបាបទាស់នឹងបំណងរបស់ទ្រង់ ទ្រង់ដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។ 5 ចំណែកឯអ្នកវិញ បើអ្នកស្វែងរកទ្រង់ បើអ្នកអង្វរករអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុត 6 បើអ្នកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន ទ្រង់មុខជាជួយអ្នក ហើយស្ដារស្ថានភាពរបស់អ្នក ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។ 7 អ្វីៗដែលអ្នកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលទ្រង់ប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។ 8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធ ដែលដូនតារបស់អ្នករកឃើញ 9 ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។ 10 សូមទុកឲ្យចាស់ទុំប្រៀនប្រដៅអ្នកចុះ ចាស់ទុំនឹងប្រាប់ឲ្យអ្នកជ្រាប នូវអ្វីៗដែលពួកគាត់ធ្លាប់ដឹង។ 11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំង ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? 12 បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិទាំងប៉ុន្មានទៅទៀត។ 13 រីឯអស់អ្នកដែលបំភ្លេចអុលឡោះ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។ 14 បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។ 15 គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។ 16 គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ ព្រោះសម្បូណ៌កំដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។ 17 ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។ 18 ប៉ុន្តែ ពេលណាគេត្រូវរំលើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ! 19 មនុស្សទមិឡរមែងទទួលផលបែបនេះ ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ 20 អុលឡោះមិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយទ្រង់ក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ 21 បន្តិចទៀត ទ្រង់នឹងប្រទានឲ្យអ្នក សើចសប្បាយឡើងវិញ ហើយឲ្យអ្នកបន្លឺសំឡេងដោយអំណរ។ 22 មនុស្សដែលស្អប់អ្នកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។ |
© 2014 United Bible Societies, UK.
United Bible Societies