Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 40 - អាល់គីតាប


អុលឡោះ​ឆ្លើយ​នឹង​ប្រសាសន៍​របស់​ណាពី​អៃយ៉ូប

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់ អៃយ៉ូប​ទៀត​ថា៖

2 «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ អុលឡោះ​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។

3 អៃយ៉ូប​ឆ្លើយអុលឡោះ‌តាអាឡា​ថា៖

4 «ខ្ញុំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ទៅ​ទ្រង់​វិញ ដូច​ម្ដេច​បាន? ខ្ញុំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

5 ខ្ញុំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ខ្ញុំ​មិន​និយាយ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ខ្ញុំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អៃយ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖

7 «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

8 តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?

9 តើ​អ្នក​មាន​អំណាច​ដូច​អុលឡោះ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​សំឡេង​របស់​ទ្រង់​ឬ?

10 តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​អុលឡោះ​ឬ?

11 ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។

12 ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។

13 ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។

14 ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​អំណាច​របស់​អ្នក​ផ្ទាល់។

15 ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ

16 កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា

17 កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់‌ព័ន្ធ​គ្នា

18 ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។

19 វា​ជា​ស្នា​ដៃ​ដ៏​វិសេស​របស់​អុលឡោះ មាន​តែ​ទ្រង់​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន។

20 វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។

21 វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។

22 ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។

23 ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។

24 គ្មាន​នរណា​អាច​ចាប់​វា​បាន ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ របស់​វា​បាន​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម