យ៉ូប 33 - អាល់គីតាបអុលឡោះតាអាឡាមានបន្ទូលតាមរយៈទុក្ខលំបាក 1 អៃយ៉ូបអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង នៅពេលនេះចុះ សូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ! 2 ខ្ញុំរៀបចំពាក្យសំដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ 3 ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។ 4 រសរបស់អុលឡោះបានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។ 5 សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរកហេតុផលតទល់នឹងខ្ញុំចុះ! 6 នៅចំពោះអុលឡោះ ខ្ញុំមិនខុសពីអ្នកទេ ទ្រង់បានសូនខ្ញុំពីដីឥដ្ឋ ដូចអ្នកដែរ។ 7 ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា ខ្ញុំចង់យកអំណាច មកគាបសង្កត់អ្នកឲ្យសោះ។ 8 ខ្ញុំបានឮពាក្យដែលអ្នកថ្លែងប្រាប់ ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ 9 គឺអ្នកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ 10 តែអុលឡោះរករឿងទាស់នឹងខ្ញុំ ទ្រង់ចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។ 11 ទ្រង់ដាក់ខ្នោះជើងខ្ញុំ ទ្រង់ឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។ 12 អ្នកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ ចាំខ្ញុំពន្យល់អ្នក ដ្បិតអុលឡោះធំជាងមនុស្សលោក។ 13 ហេតុអ្វីបានជាអ្នកចោទប្រកាន់ទ្រង់ថា ទ្រង់មិនឆ្លើយតបនឹងពាក្យ របស់អ្នកដូច្នេះ? 14 អុលឡោះមានបន្ទូលតាមរបៀបផ្សេងៗ តែគ្មាននរណាចាប់អារម្មណ៍ទេ។ 15 ទ្រង់មានបន្ទូលតាមរយៈការយល់សប្ដិ តាមរយៈសុបិននិមិត្តនារាត្រីកាល ក្នុងពេលដែលមនុស្សកំពុងតែដេក លង់លក់មិនដឹងខ្លួន។ 16 ទ្រង់ក៏សំដែងឲ្យគេស្គាល់ បំណងរបស់ទ្រង់ ព្រមទាំងបញ្ជាក់បន្ទូលរបស់ទ្រង់ ឲ្យគេយល់យ៉ាងច្បាស់ផង។ 17 ធ្វើដូច្នេះ ទ្រង់នាំមនុស្សឲ្យងាក ចេញពីអំពើអាក្រក់ ហើយការពារមនុស្សកុំឲ្យមានអំនួត 18 ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ និងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។ 19 អុលឡោះក៏វាយប្រដៅមនុស្សតាមរយៈ ការឈឺចាប់ដែរ គឺនៅពេលដែលគេដេក ឈឺចុកចាប់សព្វសព៌ាង្គកាយ។ 20 ពេលនោះ គេបរិភោគអាហារលែងកើត ហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។ 21 រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែក និងឆ្អឹង។ 22 គេកាន់តែខិតជិតរណ្ដៅ ជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។ 23 ក៏ប៉ុន្តែ ប្រសិនបើមានម៉ាឡាអ៊ីកាត់មួយរូប ក្នុងចំណោមម៉ាឡាអ៊ីកាត់មួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ 24 អុលឡោះមុខជាលើកលែងទោសឲ្យគេ ដ្បិតម៉ាឡាអ៊ីកាត់អង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ខ្ញុំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។ 25 ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា ស្រស់ស្អាតដូចគ្រានៅពីក្មេង ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។ 26 ពេលគេទូរអាអង្វរអុលឡោះទ្រង់ស្ដាប់គេ គេចូលទៅជួបទ្រង់ដោយអំណរ ទ្រង់រាប់គេជាមនុស្សសុចរិតឡើងវិញ។ 27 ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែអុលឡោះពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។ 28 ទ្រង់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ 29 អុលឡោះធ្វើការទាំងនេះចំនួនពីរ ឬបីលើក ចំពោះមនុស្ស 30 ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។ 31 អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមអ្នកនៅស្ងៀមទៅ ទុកឲ្យខ្ញុំនិយាយម្ដង! 32 ប្រសិនបើអ្នកចង់ឆ្លើយ សូមឆ្លើយមកចុះ! សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនអ្នក។ 33 បើគ្មានទេ សូមស្ដាប់ខ្ញុំ! សូមនៅស្ងៀមទៅ ខ្ញុំនឹងបង្រៀនអ្នកអំពីប្រាជ្ញា»។ |
© 2014 United Bible Societies, UK.
United Bible Societies