Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 32 - អាល់គីតាប


អន្តរា‌គមន៍​របស់​លោក​អេលី‌ហ៊ូវ ប្រសាសន៍​របស់​លោក​អេលី‌ហ៊ូវ

1 កាល​មិត្ត‌ភក្ដិ​ទាំង​បី​នាក់​របស់​អៃយ៉ូប ឃើញ​គាត់​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​គាត់​វិញ។

2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្តើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​អៃយ៉ូប ព្រោះ​អៃយ៉ូប​ប្រកាន់​ថា​ខ្លួន​គាត់​សុចរិត​នៅ​ចំពោះ​អុលឡោះ។

3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​អៃយ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​អៃយ៉ូប​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​អុលឡោះ​មាន​កំហុស​មែន។

4 ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​អៃយ៉ូប​ក្រោយ​គេ។

5 ប៉ុន្តែ ពេល​គាត់​ឃើញ​អ្នក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​អៃយ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។

6 លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។

7 ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។

8 ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។

9 រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។

10 ហេតុ​នេះ សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដង ខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។ ខ្ញុំ​បាន​រង់‌ចាំ​អស់​លោក​មាន​ប្រសាសន៍ រហូត​ដល់​ចប់

11 ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​អស់​លោក​ថ្លែង រហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។

12 ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោក ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោក ជជែក​ឈ្នះ​អៃយ៉ូប ឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ!

13 ហេតុ​នេះ សូម​កុំ​អះ‌អាង​ថា អស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។ មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ដែល​អាច តទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។

14 អៃយ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេ ដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញ តាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។

15 អៃយ៉ូប​អើយ លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។

16 ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេ ដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ

17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​អ្នក​វិញ​ម្ដង ខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។

18 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយ គឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀម បាន​ទៀត​ឡើយ។

19 ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេ ចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែក ដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។

20 ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូង ខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។

21 ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។

22 ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​ខ្ញុំ​ធ្វើ​ដូច្នេះ អុលឡោះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម