Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 24 - អាល់គីតាប


អុលឡោះ​បណ្តោយ​ឲ្យ​មនុស្ស​អាក្រក់​ធ្វើ​តាម​ចិត្ត

1 ហេតុ​អ្វី​បាន​ជា​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មិន​កំណត់​ពេល​សម្រាប់​វិនិច្ឆ័យ​ទោស​មនុស្ស ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ទ្រង់ មិន​ឃើញ​ទ្រង់​រក​យុត្តិធម៌​ឲ្យ?

2 មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របង គេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុក ក្នុង​ក្រោល​របស់​ខ្លួន។

3 គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រា គេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយ ទុក​ជា​របស់​បញ្ចាំ។

4 គេ​ដេញ​ជន​ក្រីក្រ​ឲ្យ​ចេញ​ពី​ផ្លូវ ហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុក ឲ្យ​រត់​ពួន​ទាំង​អស់​គ្នា។

5 ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារ មក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន ដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោ‌ស្ថាន។

6 ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។

7 នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់ គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។

8 រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយ ភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំ ហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជំរក ក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។

9 មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រា ផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយ ហើយ​យក​កូន​របស់​ជន​ក្រីក្រ ទុក​ជា​របស់​បញ្ចាំ។

10 ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ស្រូវ តែ​គ្មាន​អ្វី​បរិភោគ។

11 ពួក​គេ​ចម្រាញ​ប្រេង​អូលីវ និង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃ តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

12 អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរ ស្រែក​អង្វរ​អុលឡោះ​ពី​ទីក្រុង ប៉ុន្តែ ទ្រង់​ធ្វើ​ព្រងើយ មិន​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។

13 មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺ ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេ ហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹម គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត នៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

15 មនុស្ស​ផិត​ក្បត់​រង់‌ចាំ​មើល​ពេល​ថ្ងៃ​លិច ពួក​គេ​យក​ក្រណាត់​បិទ​មុខ កុំ​ឲ្យ​នរណា​មើល​ស្គាល់។

16 នៅ​ពេល​ងងឹត ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានា នៅ​ពេល​ថ្ងៃ ពួក​គេ​លាក់​ខ្លួន គឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។

17 ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជ ហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។

18 អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការ ទំពាំង‌បាយជូរ​ទៀត​ទេ។

19 ការ​រាំង​ស្ងួត និង​កំដៅ ធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណា ក្នុង​ផ្នូរ​ខ្មោច​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាប រលាយ​សូន្យ​យ៉ាង​នោះ​ដែរ។

20 ម្ដាយ​បង្កើត​របស់​គេ​នឹង​ភ្លេច​គេ ដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់ គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។ អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។

21 ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារ ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។

22 ប៉ុន្តែ អុលឡោះ​ប្រកប​ដោយ​អំណាច ដក​មនុស្ស​មាន​អំណាច​ចេញ ពេល​ទ្រង់​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថា នឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។

23 ទ្រង់​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្ត ប៉ុន្តែ ទ្រង់​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជា‌និច្ច។

24 ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយ‌ភ្លែត រួច​ហើយ​វិនាស​បាត់​ទៅ ពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទង ហើយ​ស្លោក​អស់​ទៅ និង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។

25 បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេ សូម​តវ៉ា និង​បង្ហាញ​ថា ខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម