យ៉ូប 23 - អាល់គីតាបចម្លើយរបស់ណាពីអៃយ៉ូបទៅកាន់លោកអេលីផាស: ទ្រង់មិនព្រមចរចាជាមួយខ្ញុំទេ! 1 អៃយ៉ូបឆ្លើយវិញថា៖ 2 «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។ 3 បើខ្ញុំដឹងថា ទ្រង់នៅទីណា បើខ្ញុំអាចទៅដល់កន្លែងដែលទ្រង់នៅ 4 នោះខ្ញុំនឹងនាំសំណុំរឿងទៅអង្វរទ្រង់ ខ្ញុំនឹងថ្លែងជម្រាបទ្រង់ឲ្យអស់សេចក្ដី។ 5 ខ្ញុំមុខជាដឹងសេចក្ដីដែលទ្រង់នឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលទ្រង់ ពេញចិត្តមានបន្ទូលមកខ្ញុំ។ 6 តើទ្រង់នឹងប្រើអំណាចរបស់ទ្រង់ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ទ្រង់មុខជាស្ដាប់ខ្ញុំពុំខាន។ 7 ខ្ញុំនឹងជជែកតវ៉ាជាមួយទ្រង់ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ទ្រង់ដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។ 8 ប្រសិនបើខ្ញុំទៅទិសខាងកើត ទ្រង់មិននៅទីនោះទេ ប្រសិនខ្ញុំទៅទិសខាងលិច ក៏មិនឃើញទ្រង់នៅទីនោះដែរ។ 9 តើទ្រង់រវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញទ្រង់? ឬមួយទ្រង់ពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញទ្រង់។ 10 អុលឡោះជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើទ្រង់ល្បងលមើលខ្ញុំ ទ្រង់មុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។ 11 ខ្ញុំដើរតាមគន្លងរបស់ទ្រង់ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ទ្រង់ជានិច្ច ឥតងាកចេញឡើយ។ 12 ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។ 13 ប្រសិនបើទ្រង់សម្រេចធ្វើការអ្វីមួយ គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ទ្រង់បានទេ ទ្រង់ចង់ធ្វើអ្វីមួយ ទ្រង់ធ្វើការនោះ។ 14 ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។ 15 ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះទ្រង់ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចទ្រង់កាន់តែខ្លាំងឡើងៗ។ 16 ទ្រង់បានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។ 17 ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ ក៏ខ្ញុំមិននៅស្ងៀមដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies