Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 22 - អាល់គីតាប


ប្រសាសន៍​លើក​ទី​បី​របស់​លោក​អេលី‌ផាស: ណាពី​អៃយ៉ូប​ពិត​ជា​មាន​កំហុស​មែន!

1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

3 បើ​លោក​សុចរិត តើ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ពេញ​ចិត្ត​ដែរ​ឬ? បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់ តើ​ទ្រង់​បាន​ចំណេញ​អ្វី?

4 តើ​ទ្រង់​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ទ្រង់​ឬ?

5 ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​អ្នក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក។

6 អ្នក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​អ្នក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។

7 អ្នក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេក ហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅ ឲ្យ​អ្នក​ឃ្លាន​ដែរ។

8 អ្នក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដី និង​ឲ្យ​បក្ស​ពួក​របស់​អ្នក​កាន់​កាប់​ទឹក​ដី។

9 អ្នក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅ ដោយ​ដៃ​ទទេ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

10 ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទិស‌ទី មហន្ត‌រាយ​ធ្លាក់​មក​លើ​អ្នក​យ៉ាង​ទាន់‌ហន់។

11 ភាព​ងងឹត​គ្រប​ពី​លើ​អ្នក ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​អ្នក​ដែរ។

12 អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត សូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!

13 អ្នក​បែរ​ជា​ពោល​ថា “តើ​អុលឡោះ​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​មើល​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?

14 ពេល​ទ្រង់​ធ្វើ​ដំណើរ​ព័ទ្ធ​ជុំ‌វិញ​ចក្រ‌វាល មាន​ពពក​ដ៏​ក្រាស់​បាំង​ទ្រង់ មិន​ឲ្យ​មើល​ឃើញ​អ្វី​ទាំង​អស់”។

15 ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?

16 អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។

17 ពួក​គេ​អង្វរ​អុលឡោះ​ថា “សូម​អញ្ជើញ​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ! ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាច ធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។

18 ក៏​ប៉ុន្តែ គឺ​ទ្រង់​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។ ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន របស់​មនុស្ស​អាក្រក់​បាន​ទេ។

19 មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ ឃើញ​មនុស្ស​អាក្រក់​វិនាស គេ​នាំ​គ្នា​សប្បាយ​រីក‌រាយ និង​សើច​ចំអក​ឲ្យ​ថា:

20 “អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើង វិនាស​សូន្យ​បាត់​ទៅ​ហើយ អ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។

21 ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​អុលឡោះ​ទៅ កុំ​ចាត់​ទុក​ទ្រង់​ជា​បច្ចា‌មិត្ត​ទៀត​ឡើយ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​អ្នក។

22 សូម​ទទួល​យក​ដំបូន្មាន​របស់​ទ្រង់ ហើយ​រក្សា​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត។

23 ប្រសិន​បើ​អ្នក​វិល​មក​រក ទ្រង់​ដ៏​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នោះ​ទ្រង់​នឹង​លើក​លោក​ឡើង​វិញ។ សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ ពី​ទី​លំ‌នៅ​របស់​អ្នក។

24 សូម​យក​ដុំ​មាស​របស់​អ្នក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ

25 នោះ​អុលឡោះ​ដ៏​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​អ្នក។

26 អុលឡោះ​ដ៏​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ប្រទាន​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​អ្នក​ងើប​មុខ​សម្លឹង​ទៅ​រក​ទ្រង់។

27 ពេល​អ្នក​ទូរអា‌អង្វរ​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ ហើយ​អ្នក​នឹង​ជូន​ជំនូន តាម​ពាក្យ​ដែល​លោក​បន់។

28 ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​មួយ ការ​នោះ​នឹង​កើត​ជា​រូប​រាង​ឡើង ផ្លូវ​ដែល​លោក​ដើរ តែងតែ​មាន​ពន្លឺ​ជា‌និច្ច។

29 អុលឡោះ​ទម្លាក់​មនុស្ស​មាន​អំនួត តែ​ទ្រង់​សង្គ្រោះ​មនុស្ស​ទន់‌ទាប។

30 សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ទ្រង់​រំដោះ​ដែរ ដូច្នេះ ទ្រង់​នឹង​រំដោះ​អ្នក តាម​អំពើ​ដ៏​វិសុទ្ធ​ដែល​អ្នក​ប្រព្រឹត្ត»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម