Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 2 - អាល់គីតាប


ទុក្ខ​លំបាក​ទី​ពីរ​របស់​ណាពី​អៃយ៉ូប

1 ថ្ងៃ​មួយ ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​ចូល​មក​ជួបអុលឡោះ‌តាអាឡា ហើយ​អ៊ីព្លេស‌ហ្សៃតន​ក៏​មក​ជួប​ទ្រង់​ជា​មួយ​ពួក​គេ​ដែរ។

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ អ៊ីព្លេស‌ហ្សៃតន​ឆ្លើយ​ទ្រង់​ថា៖ «ខ្ញុំ​ទើប​នឹង​ដើរ​កំសាន្ត​ជុំ‌វិញ​ផែនដី»។

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ អៃយ៉ូប​នៅ​តែ​ទៀង​ត្រង់​ជា‌និច្ច អ្នក​ចង់​ឲ្យ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។

4 អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។

5 សូម​ទ្រង់​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ទ្រង់​មិន​ខាន»។

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «អៃយ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។

7 ពេល​នោះ អ៊ីព្លេស‌ហ្សៃតន​ចាក​ចេញ​ពីអុលឡោះ‌តាអាឡា​ទៅ ហើយ​ធ្វើ​ឲ្យ​អៃយ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

8 អៃយ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។

9 ភរិយា​របស់​គាត់​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​អុលឡោះហើយ​ស្លាប់​ទៅ​ចុះ!»។

10 អៃយ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភ‌មង្គល​ពី​អុលឡោះ​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ទ្រង់​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ អៃយ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សំដី​ឡើយ។


មិត្ត‌ភក្ដិ​បី​នាក់​មក​រំលែក​ទុក្ខ​ណាពី​អៃយ៉ូប

11 មិត្ត‌ភក្ដិ​បី​នាក់​របស់​អៃយ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​គាត់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​គាត់។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។

12 ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​អៃយ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។

13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​គាត់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​គាត់​ឡើយ ព្រោះ​ពួក​គេ​ឃើញ​គាត់​ឈឺ​ចាប់​ឥត​ឧបមា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម