Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូណាស 2 - អាល់គីតាប


ណាពី​យូណើស​នៅ​ក្នុង​ពោះ​ត្រី

1 ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​យូណើស គាត់​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់។

2 នៅ​ក្នុង​ពោះ​ត្រី គាត់​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។

3 គាត់​ពោល​ថា៖ «ពេល​ខ្ញុំ​មាន​អាសន្ន ខ្ញុំ​ទូរអា​រកអុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ជួយ ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ។

4 ទ្រង់​បោះ​ខ្ញុំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ខ្ញុំ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ខ្ញុំ​ដែរ។

5 ខ្ញុំ​គិត​ថា ទ្រង់​បាន​ដេញ​ខ្ញុំ​ចេញ ឆ្ងាយ​ពី​ទ្រង់​ហើយ ប៉ុន្តែ ខ្ញុំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ត​ទៅ​ទៀត។

6 ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។

7 ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ខ្ញុំ​ជាប់​ឃុំ​ក្នុង​ផ្នូរ​រហូត តែ​ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត។

8 ពេល​ខ្ញុំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ ខ្ញុំ​នឹក​ដល់អុលឡោះ‌តាអាឡា ហើយ​ពាក្យ​ទូរអា​របស់​ខ្ញុំ ក៏​បាន​ឮ​ទៅ​ដល់​ទ្រង់ ឮ​ដល់​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

9 សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!

10 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​យក​គូរបាន មក​ជូន​ទ្រង់ ទាំង​ច្រៀង​អរគុណ​ទ្រង់​ផង។ ខ្ញុំ​នឹង​ជូន​ជំនូន ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​ទូរអា ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សង្គ្រោះ​ខ្ញុំ»។

11 ពេល​នោះ អុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​ត្រី​ខ្ជាក់​យូណើស​ចេញ​ទៅ​លើ​គោក។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម