យេរេមា 39 - អាល់គីតាបស្ដេចស្រុកបាប៊ីឡូនវាយយកក្រុងយេរូសាឡឹម 1 នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចសេដេគា ជាស្ដេចស្រុកយូដា ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។ 2 នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ 3 ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។ 4 ពេលស្តេចសេដេគា ជាស្ដេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ 5 ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ស្តេចសេដេគា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅស្តេចនេប៊ូក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ស្តេចនេប៊ូក្នេសាប្រកាសកាត់ទោសស្តេចសេដេគា។ 6 ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ស្តេចសេដេគា ចំពោះមុខស្តេចសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ 7 បន្ទាប់មក ស្ដេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។ 8 ជនជាតិខាល់ដេដុតកំទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។ 9 រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។ 10 ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដានអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះគាត់បានចែកចម្ការទំពាំងបាយជូរ និងដីស្រែឲ្យពួកគេទៀតផង។ ស្ដេចនេប៊ូក្នេសាដោះលែងណាពីយេរេមា 11 ចំពោះណាពីយេរេមាវិញ ស្តេចនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖ 12 «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។ 13 លោកនេប៊ូសារ៉ាដានជារាជប្រតិភូ លោកនេប៊ូសាសបានជាមេរបស់ពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពទាំងអស់របស់ស្ដេចស្រុកបាប៊ីឡូន 14 ចាត់គេឲ្យទៅនាំយេរេមា ចេញពីបន្ទាយកងរក្សាស្ដេចស្រុកយូដា ប្រគល់ទៅលោកកេដាលាជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដើម្បីឲ្យគាត់នាំយេរេមាទៅផ្ទះរបស់គាត់វិញ ហើយរស់នៅក្នុងចំណោមប្រជាជន។ បន្ទូលរបស់អុលឡោះសម្រាប់លោកអេបេដ-មេលេក 15 ពេលយេរេមា ជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្ដេចនៅឡើយ អុលឡោះតាអាឡាមានបន្ទូលមកគាត់ដូចតទៅ៖ 16 «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។ 17 ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គឺអ្នកមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។ 18 យើងនឹងឲ្យអ្នកគេចផុតពីកណ្ដាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies