Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាកុស 7 - អាល់គីតាប


ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ទំនៀម‌ទម្លាប់

1 មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​តួន​ខ្លះ នាំ​គ្នា​មក​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជួប​អ៊ីសា។

2 គេ​ឃើញ​សិស្ស​របស់​អ៊ីសា​ខ្លះ​បរិភោគ​អាហារ ដោយ​ដៃ​មិន​ស្អាត គឺ​គេ​ពុំ​បាន​លាង​ដៃ​ជា​មុន។

3 ធម្មតា​ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

4 នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិភោគ​ឡើយ។ គេ​កាន់​ទំនៀម‌ទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។

5 ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​តួន​សួរ​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​អ្នក​មិន​កាន់​តាម​ទំនៀម‌ទម្លាប់​ចាស់​បុរាណ គឺ​នាំ​គ្នា​បរិភោគ​ដោយ​ដៃ​មិន​ស្អាត​ដូច្នេះ?»។

6 អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ណាពី​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថាៈ ប្រជា‌រាស្ដ្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ដ​គេ​នៅ​ឆ្ងាយ​ពី​យើង។

7 គេ​ថ្វាយ‌បង្គំ​យើង តែ​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ហ៊ូកុំ​របស់​មនុស្ស​ប៉ុណ្ណោះ។

8 អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ហ៊ូកុំ​របស់​អុលឡោះ បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​មនុស្ស​វិញ»។

9 អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​ហ៊ូកុំ​របស់​អុលឡោះ​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។

10 ម៉ូសា​បាន​ថ្លែង​ថាៈ “ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត”

11 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថាៈ “ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​បាន​រាប់​ថា​គូរបាន ស្រេច​ទៅ​ហើយ” (ពាក្យ​នេះ​ប្រែ​ថា​ទុក​ជា​ជំនូន​ជូន​អុលឡោះ​)។

12 អ្នក​រាល់​គ្នា​ពុំ​ទុក​ឲ្យ​គេ​ជួយ​ឪពុក​ម្ដាយ​ឡើយ។

13 អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។


មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ

14 បន្ទាប់​មក អ៊ីសា​ហៅ​បណ្ដា‌ជន​មក​ម្ដង​ទៀត រួច​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​យល់​ឲ្យ​ច្បាស់​ថា

15 អ្វីៗ​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មិន​បរិសុទ្ធ [

16 អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ ចូរ​យក​ទៅ​ពិចារ‌ណា​ចុះ]»។

17 កាល​អ៊ីសា​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​នាំ​គ្នា​សួរ​អ៊ីសា​អំពី​ប្រស្នា​នេះ។

18 អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ក៏​គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ? អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​បាន​ឡើយ

19 ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ដ​ទេ​គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ អ៊ីសា​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

20 អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

21 ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់

22 ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ដ​អបាយ‌មុខ​ច្រណែន​ឈ្នា‌នីស អំនួត និង​គំនិត‌លេលា។

23 ការ‌អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ»។


ស្ដ្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ណាពី​អ៊ីសា

24 អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ អ៊ីសា​ចូល​ក្នុង​ផ្ទះ​មួយ គាត់​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​គាត់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។

25 ភ្លាម​នោះ ស្ដ្រី​ម្នាក់​ដែល​កូន​ស្រី​មាន​អ៊ីព្លេស​ចូល បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា នាង​មក​ក្រាប​ដល់​ជើង​របស់​អ៊ីសា។

26 ស្ដ្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​សូម​ឲ្យ​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ពី​កូន​នាង។

27 អ៊ីសា​បាន​ប្រាប់​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

28 នាង​ជម្រាប​អ៊ីសា​ថា៖ «ពិត​មែន​ហើយ​អ៊ីសា‌ជាអម្ចាស់! ប៉ុន្ដែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កំទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។

29 ពេល​នោះ​អ៊ីសា​ប្រាប់​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អ៊ីព្លេស​បាន​ចេញ​ពី​កូន​នាង​ហើយ»។

30 ពេល​ស្ដ្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អ៊ីព្លេស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។


ណាពី​អ៊ីសា​ប្រោស​មនុស្ស​គ​ថ្លង់​ម្នាក់​ឲ្យ‌ជា

31 អ៊ីសា​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។

32 គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​ជួប​អ៊ីសា។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូរអា​សូម​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​គាត់។

33 អ៊ីសា​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន អ៊ីសា​ដាក់​ម្រាម‌ដៃ​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​មាត់​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

34 រួច​អ៊ីសា​ងើប​មុខ​ឡើង មើល​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​និយាយ​ថា «អិប‌ផា‌ថា» (ប្រែ​ថាៈ ចូរ​បើក​ឡើង)។

35 រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​បាន​ច្បាស់​លាស់។

36 អ៊ីសា​បាន​ហាម​ប្រាម​ពួក​គេ​មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្ដែ ទោះ​បី​អ៊ីសា​ហាម​ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។

37 មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម