Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាកុស 1 - អាល់គីតាប


ណាពី​យ៉ះយ៉ា​ប្រៀន‌ប្រដៅ​បណ្ដា‌ជន

1 ដំណឹង‌ល្អ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​បុត្រា របស់​អុលឡោះ​ចាប់​ផ្ដើម​ដូច​ត​ទៅៈ

2 ក្នុង​គីតាប​ណាពី​អេសាយ​មាន​ចែង​ទុក​មក​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​យើង​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​រៀប‌ចំ​ផ្លូវ​ជូន​អ្នក។

3 មាន​សំឡេង​បុរស​ម្នាក់ ស្រែក​នៅ​វាល​រហោ‌ស្ថាន ថាៈ “ចូរ​រៀប‌ចំ​ផ្លូវ​របស់​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ជូន​គាត់”»។

4 ពេល​នោះ​យ៉ះយ៉ា​មក​ដល់ ស្រប​តាម​អាយិត​គីតាប​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​នៅ​វាល​រហោ‌ស្ថាន។ គាត់​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ដ​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

5 អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​យ៉ះយ៉ា។ គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​យ៉ះយ៉ា​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រ‌ដាន់។

6 យ៉ះយ៉ា​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។

7 យ៉ះយ៉ា​ប្រកាស​ប្រាប់​បណ្ដា‌ជន​ថា៖ «អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​គាត់​ផង។

8 ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​គាត់​វិញ គាត់​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ»។


ណាពី​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ​ឈ្នះ​ការ​ល្បួង

9 នៅ​គ្រា​នោះ អ៊ីសា​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា ក្នុង​ទន្លេ​យ័រ‌ដាន់។

10 ពេល​អ៊ីសា​ឡើង​ពី​ទឹក​មក​ភ្លាម គាត់​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។

11 មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ត​នឹង​អ្នក​ណាស់!»។

12 រំពេច​នោះ រស‌អុលឡោះ​ក៏​នាំ​អ៊ីសា​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

13 អ៊ីសា​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ត្រូវ​អ៊ីព្លេស‌ហ្សៃតន​ល្បួង។ អ៊ីសា​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ម៉ាឡា‌អ៊ីកាត់​បម្រើ​គាត់​ផង។


ណាពី​អ៊ីសា​ហៅ​សិស្ស​បួន​នាក់

14 ក្រោយ​គេ​ចាប់​យ៉ះយ៉ា​យក​ទៅ​ឃុំ‌ឃាំង​អ៊ីសា​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ។

15 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​នគរ​របស់​អុលឡោះ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។

16 កាល​អ៊ីសា​ដើរ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​អ៊ីសា​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អន‌ទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។

17 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

18 អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​អ៊ីសា​ទៅ។

19 កាល​អ៊ីសា​ទៅ​មុខ​បន្ដិច គាត់​ឃើញ​យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។

20 អ៊ីសា​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​អ៊ីសា​ទៅ ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។


ណាពី​អ៊ីសា​ប្រោស​បុរស​ម្នាក់ ដែល​មាន​អ៊ីព្លេស​ចូល

21 អ៊ីសា​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។

22 អ្នក​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​គាត់​បង្រៀន ព្រោះគាត់ មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​តួន។

23 នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖

24 «អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង? អ្នក​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​អ្នក​ហើយ អ្នក​ពិត​ជា​អ្នក​ដ៏​វិសុទ្ធ ដែល​មក​ពី​អុលឡោះ»។

25 អ៊ីសា​គំរាម​អ៊ីព្លេស​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។

26 អ៊ីព្លេស​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។

27 មនុស្ស‌ម្នា​ទាំង​អស់ ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! គាត់​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ គាត់​បញ្ជា​ទៅ​អ៊ីព្លេស ហើយ​អ៊ីព្លេស​ក៏​ស្ដាប់​បង្គាប់​គាត់»។

28 កិត្ដិ‌នាម​របស់​អ៊ីសា​ល្បី​ខ្ចរ‌ខ្ចាយ ពាស‌ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។


ណាពី​អ៊ីសា​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា

29 អ៊ីសា និង​សិស្ស​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អន‌ទ្រេ យ៉ាកកូប និង​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។

30 ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ត​នៅ​លើ​គ្រែ។ ពេល​អ៊ីសា​ទៅ​ដល់​គេ​ជម្រាប​អ៊ីសា​ភ្លាម​ថា​គាត់​ឈឺ។

31 អ៊ីសា​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។

32 លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អ៊ីព្លេស​ចូល​ទាំង​អស់ មក​រក​អ៊ីសា។

33 អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។

34 អ៊ីសា​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​អ៊ីសា​ដេញ​អ៊ីព្លេស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ៊ីព្លេស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​អ៊ីសា។


អ៊ីសា​ចាក​ចេញ​ពី​ក្រុង​កាពើ‌ណិម

35 ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ អ៊ីសា​ក្រោក​ឡើង គាត់​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​ទូរអា​នៅ​ទី​នោះ។

36 លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​អ៊ីសា។

37 លុះ​បាន​ជួប​ហើយ​គេ​ជម្រាប​ថា៖ «គេ​ខំ​ស្វែង​រក​តួន​គ្រប់ៗ​គ្នា»។

38 អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក​ដើម្បី​បំពេញ​ការ​នេះ​ឯង»។

39 អ៊ីសា​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ផង។


ណាពី​អ៊ីសា​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

40 មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​អ៊ីសា គាត់​លុត​ជង្គង់ អង្វរ​អ៊ីសា​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។

41 អ៊ីសា​អាណិត‌អាសូរ​គាត់ពន់‌ពេក​ណាស់ អ៊ីសា​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់ ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!»។

42 មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​ភ្លាម។

43 បន្ទាប់​មក អ៊ីសា​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ប្រសាសន៍​យ៉ាង​តឹង‌រ៉ឹង​ថា៖

44 «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ​រួច​ជូន​ជំនូន ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​មែន»។

45 ប៉ុន្ដែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​អាច​ចូល​ទី‌ក្រុង ដូច​ពី​មុន​បាន​ទៀត​ឡើយ គឺ​អ៊ីសា​នៅ​តែ​ខាង​ក្រៅ​ទី‌ក្រុង​ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​ជួប​អ៊ីសា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម