បទចម្រៀងសាឡូម៉ូន 8 - អាល់គីតាប1 ប្រសិនបើបងជាបងប្រុសរបស់អូន ដែលបៅដោះម្ដាយរបស់អូន នោះអូនមុខជាចេញមកជួបបងនៅខាងក្រៅ អូនមុខជាឱបថើបបង ហើយគ្មាននរណាមើលងាយអូនឡើយ។ 2 អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។ 3 ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។ 4 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា មុននឹងម្ចាស់ចិត្តរបស់នាងយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ 5 តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលម្តាយរបស់បងមានផ្ទៃពោះ ហើយបង្កើតបងមក។ 6 សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចជាផ្នូរ សេចក្ដីស្នេហានេះឆាបឆេះដូចភ្លើងរបស់អុលឡោះតាអាឡា។ 7 មហាសាគរពុំអាចពន្លត់ភ្លើង នៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដី ស្នេហាបានដែរ ផ្ទុយទៅវិញ អ្នកណាយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា អ្នកនោះជាមនុស្សគួរឲ្យមើលងាយ។ 8 យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងទេ នៅថ្ងៃដែលមានគេមកចែចង់នាង តើយើងត្រូវធ្វើដូចម្ដេច? 9 ប្រសិនបើនាងជាកំពែងក្រុងមួយ នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង ប្រសិនបើនាងជាទ្វារក្រុង នោះយើងនឹងយកបន្ទះឈើតាត្រៅ មកបាំងនាង។ 10 ខ្ញុំជាកំពែងក្រុងមួយ សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ ខ្ញុំផ្ដល់សេចក្ដីសុខសាន្តដល់ម្ចាស់ចិត្តរបស់ខ្ញុំ។ 11 ស្តេចស៊ូឡៃម៉ានមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន គាត់បានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងជូនគាត់។ 12 សូមជម្រាបស្តេចស៊ូឡៃម៉ាន ស្តេចទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ 13 អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង! 14 សម្លាញ់ចិត្តអូនអើយ សូមរត់ចេញពីទីនេះទៅ! សូមរត់យ៉ាងលឿនដូចក្ដាន់ និងប្រើសស្ទាវ រត់នៅលើភ្នំដែលពោរពេញដោយគន្ធពិដោរ។ |
© 2014 United Bible Societies, UK.
United Bible Societies