Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 3 - អាល់គីតាប

1 ពេល​យប់​នៅ​លើ​គ្រែ ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។

2 ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុង ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។

3 ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុង ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»

4 ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅ ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ឱប​បង​ជាប់ ឥត​ដក​ដៃ​ឡើយ ខ្ញុំ​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ ដែល​បាន​បង្កើត​ខ្ញុំ​មក។

5 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​នាង​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

6 តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?

7 នេះ​ជា​គ្រែ​ស្នែង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច ចំនួន​ហុក‌សិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ នៃ​កង‌ទ័ព​អ៊ីស្រ‌អែល។

8 អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ រៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង ភាព​អាសន្ន នៅ​ពេល​យប់។

9 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ ពី​ឈើ​ស្រុក​លីបង់។

10 ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។ ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់ ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹម ដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។

11 ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​ចេញ​មក​មើល​ស្តេច​ស៊ូឡៃ‌ម៉ាន ស្ដេច​ពាក់​មកុដ​ដែល​ម្តាយ​បាន​បំពាក់​ជូន នៅ​ថ្ងៃ​ស្ដេច​រៀប​អាពាហ៍‌ពិពាហ៍ ជា​ថ្ងៃ​ដែល​ស្ដេច​មាន​ចិត្ត​រីក‌រាយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម