Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

នេហេមា 2 - អាល់គីតាប


លោក​នេហេមា​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូ‌សាឡឹម

1 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្តេច​កំពុង​បរិភោគ​អាហារ ខ្ញុំ​បាន​យក​ស្រា​ចាក់​ជូន​ស្តេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​មុខ​ស្តេច​ឡើយ។

2 ស្តេច​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។

3 ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ស្តេច​មាន​ជីវិត​រស់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ខ្ញុំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ខ្ញុំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។

4 ស្តេច​អធិរាជ​សួរ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា

5 រួច​ខ្ញុំ​ជម្រាប​ស្តេច​វិញ​ថា៖ «ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត ហើយ​ប្រណី‌សន្ដោស​ដល់​ខ្ញុំ​មែន​នោះ សូម​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ខ្ញុំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។

6 ស្តេច​ដោយ​មាន​ភរិយា​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្តេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។

7 បន្ទាប់​មក ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ប្រទាន​សារ​ឲ្យ​ខ្ញុំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

8 ហើយ​សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ស្តេច ដើម្បី​ឲ្យ​គាត់​ផ្តល់​ឈើ​មក​ខ្ញុំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​ស្នាក់​នៅ»។ ស្តេច​អធិរាជ​ប្រទាន​សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ដៃ​លើ​ខ្ញុំ។

9 ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ស្តេច​អធិរាជ​ជូន​ពួក​អ្នក។ ស្តេច​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។

10 ពេល​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​លោក​ថូប៊ី‌យ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។


លោក​នេហេមា​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡឹម

11 ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។

12 បន្ទាប់​មក ខ្ញុំ​ក្រោក​នៅ​ពេល​យប់ ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ជា​មួយ តែ​ខ្ញុំ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​គម្រោង‌ការ ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​បណ្ដាល​ចិត្ត​ខ្ញុំ ឲ្យ​គិត‌គូរ​ធ្វើ​ចំពោះ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ ក្រៅ​ពី​សត្វ​លា​ដែល​ខ្ញុំ​ជិះ គ្មាន​សត្វ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ខ្ញុំ​ទេ។

13 នៅ​ពេល​យប់ ខ្ញុំ​ចាក​ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។

14 ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ស្តេច ប៉ុន្តែ គ្មាន​ច្រក​អាច​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។

15 ដូច្នេះ ខ្ញុំ​ក៏​ឡើង​តាម​ជ្រោះ​ទៅ ទាំង​យប់ ដើម្បី​ពិនិត្យ​មើល​កំពែង​ក្រុង រួច​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដោយ​ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ។

16 ពួក​អ្នក​គ្រប់‌គ្រង​ក្រុង​ពុំ​បាន​ដឹង​ថា ខ្ញុំ​ទៅ​ទី​ណា ហើយ​ខ្ញុំ​ធ្វើ​អ្វី​ទេ។ មក​ទល់​ពេល​នេះ ខ្ញុំ​ពុំ​បាន​ប្រាប់​ប្រជា‌ជន​យូដា​ពួក​អ៊ីមុាំ ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង ឬ​មេ​ជាង​សំណង់​ឯ​ទៀតៗ ឲ្យ​ដឹង​ពី​គម្រោង‌ការ​របស់​ខ្ញុំ​ឡើយ។

17 បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយ ពួក​យើង​រង​ទុក្ខ​វេទនា​ដល់​កំរិត​ណា ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ! ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​បាក់​មុខ​ទៀត!»។

18 ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​ខ្ញុំ​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ហើយ​ស្តេច​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន​បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។

19 លោក​សាន់បា‌ឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម លោក​ថូប៊ី‌យ៉ា​ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសែម​ជា​ជន‌ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើល‌ងាយ​ពួក​យើង ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​អធិរាជ​ឬ?»។

20 ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​ប្រាកដ​ជា​ប្រទាន​ឲ្យ​ពួក​យើង​ទទួល​ជោគ‌ជ័យ​មិន​ខាន! ពួក​យើង ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុ‌ស្សា‌វរីយ៍​អ្វី​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម