Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

នេហេមា 1 - អាល់គីតាប


លោក​នេហេ‌មា​សូម‌អង្វរ​ឲ្យ​ជន‌ជាតិ​យូដា

1 នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។ នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច

2 មាន​បង​ប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

3 អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។

4 ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។

5 ខ្ញុំ​អង្វរ​ទ្រង់​ដូច​ត​ទៅ: «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​សូរ៉កា​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​គោរព​តាម​បទ‌បញ្ជា​របស់​ទ្រង់។

6 សូម​ទ្រង់​ស្ដាប់ ព្រម​ទាំង​មើល​មក​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។ ខ្ញុំ​កំពុង​តែ​ទូរអា‌អង្វរ​ចំពោះ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ទ្រង់​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់។ ខ្ញុំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

7 យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា ហ៊ូកុំ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ប្រទាន​មក​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ឡើយ។

8 សូម​នឹក​ចាំ​ពី​បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​មក​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

9 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សំដែង​នាម​យើង​នេះ​វិញ​ដែរ”។

10 យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច និង​បារមី​ដ៏​ខ្លាំង​ពូកែ។

11 អុលឡោះ‌តាអាឡា អើយ​សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ពាក្យ​ទូរអា‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​នាម​របស់​ទ្រង់។ សូម​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​រាជា​សន្ដោស​មេត្តា​ដល់​ខ្ញុំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខ‌ងារ​ជា​មហា‌តលិក​របស់​ស្តេច​អធិរាជ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម