Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 35 - អាល់គីតាប


ហ៊ូកុំ​ស្តី​អំពី​ថ្ងៃ​ឈប់​សម្រាក

1 ម៉ូសា​បាន​ប្រមូល​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា ហើយ​គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម:

2 ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​ឈប់​សម្រាក​ដែល​ជា​ថ្ងៃ​បុណ្យ​ជូនអុលឡោះ‌តាអាឡា។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

3 នៅ​ថ្ងៃ​ឈប់​សម្រាក ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្តី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។


ការ​សង់​ជំរំ‌សក្ការៈ ជំនូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

4 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម:

5 ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក​ជូនអុលឡោះ‌តាអាឡា។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​ជំនូន​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ជូនអុលឡោះ‌តាអាឡា គឺ​មាន មាស ប្រាក់ លង្ហិន

6 សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ

7 ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង​នួន

8 ប្រេង​សម្រាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត

9 ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង។

10 ត្រូវ​ឲ្យ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែល អុលឡោះ‌តាអាឡាបង្គាប់​ឲ្យ​ធ្វើ

11 គឺ​សង់​ជំរំ‌សក្ការៈ ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ។

12 ហិប​នៃ​សម្ព័ន្ធ​មេត្រី​ព្រម​ទាំង​ឈើ​ស្នែង គំរប​វាំង​នន សម្រាប់​ខណ្ឌ​ទី​សក្ការៈ។

13 តុ​សម្រាប់​តម្កល់​នំបុ័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំបុ័ង​ដែល​ត្រូវ​តម្កល់​ជូន​អុលឡោះ។

14 ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សម្រាប់​ដុត។

15 អាសនៈ​សម្រាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង។ ប្រេង​សម្រាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត និង​វាំង​នន​សម្រាប់​ទ្វារ​ចូល​ជំរំ‌សក្ការៈ។

16 អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់។

17 រនាំង​ទី​លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំង​នន​របស់​ទ្វារ​ទី​លាន។

18 ចំរឹង​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​របស់​ទី​លាន ព្រម​ទាំង​ខ្សែ​ចង​ជំរំ។

19 សម្លៀក​បំពាក់​ពិធី​បុណ្យ សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ គឺ​សម្លៀក​បំពាក់​សក្ការៈ​របស់​អ៊ីមុាំ​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​គាត់​ដែល​បំពេញ​មុខ​ងា​ជា​អ៊ីមុាំ»។

20 សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ម៉ូសា​ទៅ។

21 អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា និង​ចិត្ត​ទូ​លាយ បាន​នាំ​យក​ជំនូន​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​សង់​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ជំរំ ព្រម​ទាំង​សម្លៀក​បំពាក់​សក្ការៈ។

22 អស់​អ្នក​ដែល​មាន​ចិត្ត​ទូ​លាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស មក ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ធ្វើ​សញ្ញា​ឲ្យ​របស់​ទាំង​នោះ​ទៅអុលឡោះ‌តាអាឡា។

23 អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ឲ្យ​ដែរ។

24 អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​ជំនូន​ដែល​គេ​ញែក​ទុក​នោះ មក​ជូនអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​មាន​ឈើ​នាង​នួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ជូនអុលឡោះ‌តាអាឡា។

25 ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន​ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​បាន​ត្បាញ​មក​ឲ្យ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ។

26 ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា និង​ប៉ិន​ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ឲ្យ​ផង​ដែរ។

27 ពួក​មេ​ដឹក​នាំ​ប្រជា‌ជន បាន​យក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ​សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង

28 ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង​ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។

29 ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូ​លាយ បាន​នាំ​គ្នា​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាបង្គាប់​មក​តាម​រយៈ​ម៉ូសា។

30 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា

31 អុលឡោះ​ប្រទាន​ឲ្យ​គាត់​ពោរ​ពេញ​ដោយ​រស​អុលឡោះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

32 គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន

33 ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក​គាត់​ចេះ​ធ្វើ​ការ​ងារ​សិប្ប‌កម្ម​គ្រប់​មុខ។

34 ទ្រង់​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ​ងារ​សិប្ប‌កម្ម​នេះ ដល់​អ្នក​ដទៃ​ទៀត។

35 ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន​ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស​ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម