នាងអេសធើរ 7 - អាល់គីតាបលោកហាម៉ានទទួលទោសដល់ស្លាប់ 1 ស្តេច និងលោកហាម៉ាន បានទៅដល់ ហើយជប់លៀងជាមួយមហាក្សត្រិយានីអេសធើរ។ 2 នៅថ្ងៃទីពីរនោះទៀត ពេលកំពុងពិសាស្រា ស្តេចមានប្រសាសន៍ទៅកាន់នាងអេសធើរថា៖ «នាងអេសធើរអើយ តើនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ 3 នាងអេសធើរជម្រាបស្តេចថា៖ «សូមជម្រាបស្តេច ប្រសិនបើខ្ញុំពេញចិត្តស្តេចមែន ហើយប្រសិនបើស្តេចពេញចិត្ត នោះសូមមេត្តាទុកជីវិតឲ្យខ្ញុំ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំ តាមសំណូមពរនេះផង 4 ដ្បិតគេបានលក់ខ្ញុំ និងប្រជាជនរបស់ខ្ញុំ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំសុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យស្តេចខ្វល់ខ្វាយឡើយ»។ 5 ស្តេចអហាស៊ូរុសមានប្រសាសន៍ទៅកាន់មហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។ 6 នាងអេសធើរជម្រាបស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះមុខស្តេច និងមហាក្សត្រិយានី។ 7 ស្តេចខឹងយ៉ាងខ្លាំង ស្ដេចចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ គាត់នៅទីនោះ សូមអង្វរមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតគាត់ឃើញយ៉ាងច្បាស់ថា ស្តេចសម្រេចធ្វើទោសគាត់ហើយ។ 8 ស្តេចវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលនាងអេសធើរនៅលើនោះ។ ស្តេចក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ស្តេចមានប្រសាសន៍មិនទាន់ផុតផង ពួកអ្នកបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។ 9 មហាតលិកមួយនាក់ឈ្មោះលោកហាបូណា ជម្រាបស្តេចថា៖ «លោកហាម៉ានសង់បង្គោលមួយកំពស់ហាសិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ កលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះជីវិតរបស់ស្តេច»។ ស្តេចក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ កនៅបង្គោលនោះទៅ»។ 10 គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។ |
© 2014 United Bible Societies, UK.
United Bible Societies