នាងអេសធើរ 5 - អាល់គីតាបនាងអេសធើរចូលជួបស្ដេច 1 លុះដល់ថ្ងៃទីបី នាងអេសធើរតែងខ្លួនសម្រាប់មហាក្សត្រិយានី ចូលទៅជួបស្ដេចនៅសាលខាងក្នុងដំណាក ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ស្តេចនៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ 2 ពេលស្តេចឃើញមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានចិត្តមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសជូននាងអេសធើរ នាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ 3 ស្ដេចមានប្រសាសន៍ថា៖ «មហាក្សត្រិយានីអេសធើរអើយ តើនាងមានការអ្វី? នាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។ 4 នាងអេសធើរសុំស្ដេចថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមស្តេចអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃនេះ ហើយខ្ញុំក៏សូមអញ្ជើញលោកហាម៉ានដែរ»។ 5 ស្តេចចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់នាងអេសធើរ។ បន្ទាប់មក ស្តេច និងលោកហាម៉ាន ក៏ទៅ និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលនាងអេសធើរបានរៀបចំ។ 6 ក្នុងពេលពិសាស្រា ស្តេចមានប្រសាសន៍ទៅកាន់នាងអេសធើរថា៖ «តើនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ 7 នាងអេសធើរជម្រាបស្ដេចវិញថា៖ «តើស្តេចចង់ជ្រាបពីសំណូមពរ ដែលខ្ញុំចង់បានឬ? 8 ប្រសិនបើស្តេចពេញចិត្តឆ្លើយតបនឹងសំណូមពររបស់ខ្ញុំមែន សូមស្តេចព្រមទាំងលោកហាម៉ាន អញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំជម្រាបជូនស្តេចអំពីសំណូមពររបស់ខ្ញុំ»។ 9 ថ្ងៃនោះ លោកហាម៉ានចាកចេញទៅ ដោយមានចិត្តត្រេកអរសប្បាយ រកអ្វីប្រៀបស្មើពុំបាន។ គាត់ឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះគាត់ទេ។ ដូច្នេះ លោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។ 10 គាត់ទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ គាត់បានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។ 11 លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គាត់ ព្រមទាំងចំនួនកូនប្រុសដែលគាត់មាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យគាត់ធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខ និងមន្ត្រីរបស់ស្ដេច។ 12 គាត់ពោលទៀតថា៖ «ក្រៅពីស្តេច និងរូបខ្ញុំផ្ទាល់ មហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក នាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយស្តេចទៀត។ 13 ទោះបីមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាជនជាតិយូដា ប្រចាំការនៅមាត់ទ្វារវាំង»។ 14 លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់គាត់និយាយថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែក អ្នកសូមស្តេចព្យួរកម៉ាដេកាយទៅ។ ដូច្នេះ អ្នកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយស្តេច ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ គាត់ក៏ឲ្យគេដំឡើងបង្គោល។ |
© 2014 United Bible Societies, UK.
United Bible Societies