នាងអេសធើរ 4 - អាល់គីតាបលោកម៉ាដេកាយសុំអន្តរាគមន៍ពីនាងអេសធើរ ជនជាតិយូដានាំគ្នាតមអាហារ 1 កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ គាត់ដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ 2 គាត់ទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតគាត់មិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ 3 នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។ 4 ពួកស្ត្រីបម្រើ និងមហាតលិករបស់នាងអេសធើរ បាននាំដំណឹងនេះ មកជម្រាបនាង ហើយនាងរន្ធត់ចិត្តពន់ប្រមាណ។ នាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលគាត់ស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។ 5 ពេលនោះ នាងអេសធើរបានហៅលោកហាថាក់ ជាមហាតលិក ដែលស្តេចឲ្យមកនៅបម្រើនាង។ នាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យគាត់ធ្វើបែបនេះ។ 6 លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។ 7 លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។ 8 គាត់ក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅជូននាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះជូននាងផង។ គាត់ក៏បានសូមឲ្យនាងចូលទៅជួបស្តេច ដើម្បីសូមការប្រណីសន្ដោស និងសូមអង្វរស្តេច សម្រាប់ជាតិសាសន៍របស់នាង។ 9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅជម្រាបនាងអេសធើរ។ 10 នាងជម្រាបលោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖ 11 «ពួកអ្នកបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅជួបស្ដេច នៅសាលខាងក្នុងដំណាក ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើស្តេចហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ស្តេចមិនបានហៅខ្ញុំឲ្យចូលជួប អស់រយៈពេលមួយខែមកហើយ»។ 12 គេក៏នាំពាក្យសំដីរបស់នាងអេសធើរ ទៅជម្រាបលោកម៉ាដេកាយ។ 13 លោកម៉ាដេកាយឲ្យគេនាំពាក្យទៅជម្រាបនាងអេសធើរវិញថា៖ «សូមជម្រាបមហាក្សត្រិយានី សូមកុំនឹកស្មានថា នាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ 14 ប្រសិនបើនាងសំងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯនាងវិញ នាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង នាងបានឡើងធ្វើជាមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ 15 ពេលនោះ នាងអេសធើរចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា៖ 16 «សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅជួបស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។ 17 លោកម៉ាដេកាយចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលនាងអេសធើរបង្គាប់។ |
© 2014 United Bible Societies, UK.
United Bible Societies