នាងរស់ 3 - អាល់គីតាបនាងរស់នៅក្នុងលានបោកបែនស្រូវ 1 ថ្ងៃមួយនាងណាអូមីពោលទៅកាន់នាងរស់ថា៖ «ម៉ែត្រូវតែរកអនាគតឲ្យកូន ដើម្បីកូនបានសេចក្តីសុខ។ 2 លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់សាច់ញាតិនឹងយើងដែរ។ ល្ងាចនេះ គាត់នឹងទៅបោកបែនស្រូវនៅលាន។ 3 ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។ 4 ពេលគាត់ចូលសម្រាន្ត កូនត្រូវមើលចំណាំកន្លែងដែលគាត់សម្រាន្តឲ្យបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។ 5 នាងរស់ឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្តាយសព្វគ្រប់ទាំងអស់»។ 6 នាងរស់ចេញទៅលានបោកបែនស្រូវ ហើយធ្វើសព្វគ្រប់ទាំងអស់ តាមពាក្យដែលម្តាយក្មេកបានបង្គាប់។ 7 លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសម្រាន្តលក់នៅជិតគំនរកណ្តាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។ 8 នៅពាក់កណ្តាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។ 9 លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាអ្នកបម្រើរបស់លោក។ សូមលោកមេត្តាទទួលនាងខ្ញុំ ធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។ 10 លោកបូអូសពោលថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្តីមកធ្វើជាប្ដីទេ។ 11 ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។ 12 ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ ជាសាច់ញាតិនឹងនាង ជិតជាងខ្ញុំទៅទៀត។ 13 យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែកខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យាដោយយកអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។ 14 នាងរស់ដេកនៅចុងជើងលោកបូអូសរហូតដល់ព្រឹក ហើយនាងបានក្រោកពីព្រលឹមស្រាងៗ មុនពេលមើលគ្នាស្គាល់។ លោកបូអូសក៏មិនចង់ឲ្យនរណាម្នាក់ដឹងថា នាងបានចូលមកក្នុងលាននេះដែរ។ 15 គាត់និយាយថា៖ «ចូរដោះអាវធំរបស់នាង កាន់ឲ្យជាប់»។ នាងក៏ដោះអាវ ហើយគាត់ចាក់ស្រូវមួយតៅ ឲ្យនាង ព្រមទាំងជួយលើកដាក់ឲ្យនាងទូលទៀតផង។ នាងក៏ទូលស្រូវនោះចូលទៅក្នុងភូមិវិញ។ 16 ពេលទៅដល់ផ្ទះ ម្តាយក្មេកសួរថា៖ «យ៉ាងដូចម្តេចទៅហើយកូន?»។ នាងរស់រៀបរាប់ប្រាប់ម្តាយក្មេកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបូអូសបានប្រព្រឹត្តចំពោះនាង។ 17 នាងបញ្ជាក់ថា៖ «គាត់បានឲ្យស្រូវមួយតៅមកកូនទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ 18 នាងណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំមើលសិន រហូតទាល់តែដឹងថា ការនេះនឹងទៅជាយ៉ាងណា ដ្បិតលោកបូអូសនឹងមិននៅស្ងៀមទេ គឺគាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះជាពុំខាន»។ |
© 2014 United Bible Societies, UK.
United Bible Societies