Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 99 - អាល់គីតាប


អុលឡោះ​ជា​ស្តេច ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ

1 អុលឡោះ‌តាអាឡា​គ្រង​រាជ្យ ប្រជា‌ជន​ទាំង‌ឡាយ​ត្រូវ​ញ័រ‌រន្ធត់។ ទ្រង់​នៅ​ពី​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប ហើយ​ផែនដី​កក្រើក​ញាប់‌ញ័រ។

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។

3 មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​លើក​តម្កើង​នាម ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ជា​ទី​ស្ញែង​ខ្លាច​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!។

4 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​ជា​ស្តេច ដែល​ស្រឡាញ់​យុត្តិធម៌! ទ្រង់​បាន​តែង​ហ៊ូកុំ ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល!

5 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​គោរព​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!

6 ម៉ូសា និង​ហារូន ជា​អ៊ីមុាំ​បម្រើ​អុលឡោះ លោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម អ្នក​ដែល​អង្វរ​រក​ទ្រង់ ពេល​អ្នក​ទាំង​នោះ​អង្វរ​រក​អុលឡោះ‌តាអាឡា ទ្រង់​ឆ្លើយ​តប​មក​ពួក​គាត់​វិញ​ ។

7 ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក មក​ពួក​គាត់​ ពួក​គាត់​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្គាប់​ឲ្យ​ពួក​គាត់​ធ្វើ។

8 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​ឆ្លើយ​តប​មក​ពួក​គាត់ ទោះ​បី​ទ្រង់​ដាក់​ទោស​អ្នក​ទាំង​នោះ ព្រោះ​តែ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្ដី ក៏​ទ្រង់​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គាត់​ជា‌និច្ច។

9 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម