ទំនុកតម្កើង 96 - អាល់គីតាបចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! 1 ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងជូនអុលឡោះតាអាឡា! 2 ចូរច្រៀងជូនអុលឡោះតាអាឡា និងសរសើរតម្កើងនាមទ្រង់ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ទ្រង់។ 3 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា អំពីសិរីរុងរឿងរបស់ទ្រង់ ហើយប្រកាសនៅក្នុងចំណោម ប្រជាជនទាំងឡាយ អំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់! 4 ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ទ្រង់គួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ 5 ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯអុលឡោះតាអាឡាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។ 6 មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីទ្រង់ ដំណាក់របស់ទ្រង់ពោរពេញ ទៅដោយអំណាចដ៏ថ្កុំថ្កើងរុងរឿង។ 7 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ហើយថ្លែងអំពីអំណាចរបស់ទ្រង់។ 8 ចូរលើកតម្កើងសិរីរុងរឿង នាមរបស់អុលឡោះតាអាឡា! ចូរនាំគ្នាយកជំនូនចូលមក ក្នុងម៉ាស្ជិទរបស់ទ្រង់! 9 ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធរបស់ទ្រង់! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រចំពោះទ្រង់ចុះ! 10 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា អុលឡោះតាអាឡាគ្រងរាជ្យ ពិភពលោករឹងមាំឥតរង្គើសោះឡើយ។ អុលឡោះតាអាឡាគ្រប់គ្រងលើប្រជារាស្ត្រនានា ដោយយុត្តិធម៌។ 11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! 12 ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោចំពោះអុលឡោះតាអាឡា 13 ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies