ទំនុកតម្កើង 91 - អាល់គីតាបនៅក្រោមម្លប់បារមីអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត 1 អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់អុលឡោះដ៏មានអំណាចលើអ្វីៗទាំងអស់។ 2 ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាជំរក និងជាកំពែងការពារខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់! 3 អុលឡោះតាអាឡារំដោះអ្នកឲ្យរួចផុតពីអន្ទាក់ ឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗ។ 4 ទ្រង់នឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។ 5 នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។ 6 អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយ នៅពេលថ្ងៃត្រង់ដែរ។ 7 ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។ 8 ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។ 9 អុលឡោះតាអាឡាជាជំរករបស់អ្នក អ្នកបានមកជ្រកកោនក្រោមម្លប់ របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ 10 គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ 11 ដ្បិតអុលឡោះតាអាឡានឹងបញ្ជាឲ្យ ពួកម៉ាឡាអ៊ីកាត់ជួយអ្នក ពួកម៉ាឡាអ៊ីកាត់នឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។ 12 ម៉ាឡាអ៊ីកាត់ទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ ។ 13 អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។ 14 អុលឡោះតាអាឡាមានបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា! 15 គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។ 16 យើងនឹងឲ្យគេមានអាយុយឺនយូរ ហើយយើងនឹងឲ្យគេឃើញថា យើងពិតជាម្ចាស់សង្គ្រោះមែន»។ |
© 2014 United Bible Societies, UK.
United Bible Societies