Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 59 - អាល់គីតាប


សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ណាពី​ទត។ នៅ​ពេល​ដែល​ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ​ដំណាក់​ណាពី​ទត ដើម្បី​ធ្វើ​គុត​គាត់។​

1 អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ផង សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

2 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​មនុស្ស​ស្រេក​ឈាម។

3 អុលឡោះ‌តាអាឡា​អើយ! ទោះ​បី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ខ្ញុំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ដែរ។

4 ទោះ​បី​ខ្ញុំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ ពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​ក្រោក​ឡើង មក​រក​ខ្ញុំ សូម​មើល​មក​ខ្ញុំ​ផង។

5 ឱ​អុលឡោះ‌តាអាឡា អើយ! ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សូម​ក្រោក​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក

6 ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

7 មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ ពាក្យ​សំដី​អាក្រក់ ពាក្យ​សំដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

8 ចំណែក​ឯ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​សើច​ចំអក​ឲ្យ​ពួក​គេ ទ្រង់​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

9 ខ្ញុំ​សម្លឹង​មើល​ទៅ​ទ្រង់ ព្រោះ​ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ អុលឡោះ​ជា​កំពែង​ការពារ​ខ្ញុំ។

10 អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា ទ្រង់​មក​រក​ខ្ញុំ ទ្រង់​ឲ្យ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

11 ឱ​អុលឡោះ‌តាអាឡា​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយ សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ ក្រែង​លោ​ប្រជា‌ជន​ខ្ញុំ ភ្លេច​អំពី​ជ័យ‌ជំនះ​របស់​ទ្រង់ តែ​សូម​អង្រួន និង​ច្រាន​ទំលាក់​ពួក​គេ ដោយ‌សារ​អំណាច​របស់​ទ្រង់!។

12 ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក សុទ្ធ​តែ​ពាក្យ​សំដី ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន! ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសា និង​និយាយ​កុហក។

13 សូម​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ! ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា អុលឡោះ​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​គ្រប់‌គ្រង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

14 ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

15 ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារ ក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។

16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ច្រៀង​សរសើរ​អំណាច​របស់​ទ្រង់ នៅ​ពេល​ព្រឹក ខ្ញុំ​ថ្លែង​ពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ និង​ជា​ជំរក​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន។

17 ឱ​អុលឡោះ​ដ៏​ជា​កម្លាំង​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ដល់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ ជា​ម្ចាស់​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ខ្ញុំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម