ទំនុកតម្កើង 58 - អាល់គីតាបអុលឡោះជាចៅក្រមនៅលើផែនដី ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ណាពីទត។ 1 ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក ដោយយុត្តិធម៌ឬ? 2 ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ 3 មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយ ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។ 4 គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់ 5 ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។ 6 ឱអុលឡោះអើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! អុលឡោះតាអាឡាអើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ! 7 សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។ 8 សូមឲ្យពួកគេប្រៀបដូចជាជន្លេន ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ សូមឲ្យពួកគេប្រៀបដូចជាកូនរលូត ស្លាប់ទៅ ទាំងពុំឃើញពន្លឺ 9 អុលឡោះនឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្តី ឬក្រៀមទៅហើយក្តី។ 10 រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។ 11 ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា: ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ ពិតមែនហើយ មានអុលឡោះជាម្ចាស់តែមួយគត់ ជំនុំជម្រះមនុស្សលោក។ |
© 2014 United Bible Societies, UK.
United Bible Societies