Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 48 - អាល់គីតាប


ក្រុង​ស៊ីយ៉ូន ជា​កន្លែង​របស់​អុលឡោះ
បទ​ចំរៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។

1 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត នៅ​ក្នុង​កន្លែង​អុលឡោះ​ជា​ម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

2 ភ្នំ​របស់​អុលឡោះជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ស្តេច ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។

3 នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថា អុលឡោះ​ជា​កំពែង​ដ៏​រឹង‌មាំ។

4 ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន

5 ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត

6 ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សំរាល​កូន

7 និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា បំបែក​នាវា​ដ៏​ធំៗ​ ។

8 យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា‌ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​នឹង​ការពារ ក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក

9 ឱ​អុលឡោះ​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ យើង​ខ្ញុំ​រិះ‌គិត​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។

10 អុលឡោះ​អើយ ដូច​នាម​របស់​ទ្រង់ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ទ្រង់ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ទ្រង់​គ្រប់‌គ្រង​ដោយ​សុចរិត។

11 សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង​ ដ្បិត​ទ្រង់​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។

12 ប្រជា‌ជន​របស់​អុលឡោះ​អើយ ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន! ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!

13 ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖

14 «អុលឡោះ​ពិត​ជា​ម្ចាស​របស់​យើង អស់‌កល្ប​ជា‌និច្ច ហើយ​ទ្រង់​ជា​ម្ចាស់​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម