ទំនុកតម្កើង 4 - អាល់គីតាបអុលឡោះការពារ នៅពេលគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។ 2 មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក 3 ត្រូវដឹងថា អុលឡោះតាអាឡាតែងតែប្រោសប្រណី មនុស្សស្មោះត្រង់ ពេលណាខ្ញុំស្រែកអង្វររកអុលឡោះតាអាឡា ទ្រង់ស្តាប់ខ្ញុំជានិច្ច។ 4 បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក 5 ចូរធ្វើគូរបានដ៏សុចរិត ហើយពឹងផ្អែកលើអុលឡោះតាអាឡាចុះ។ 6 មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង! 7 ទ្រង់បានដាក់អំណរនៅក្នុងចិត្តខ្ញុំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ 8 ពេលខ្ញុំចូលដំណេក នោះខ្ញុំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានតែទ្រង់ទេ ដែលធ្វើឲ្យខ្ញុំរស់នៅ ដោយសុខដុមរមនា។ |
© 2014 United Bible Societies, UK.
United Bible Societies